ត្រាំ​ត្រៀម​ជួប​ពូទីន​ឆាប់​ៗ​នេះ​បន្ទាប់​ពី​មិ​ន​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​តួក​គី

ត្រាំ​ត្រៀម​ជួប​ពូទីន​ឆាប់​ៗ​នេះ​បន្ទាប់​ពី​មិ​ន​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​តួក​គី

ទី​ក្រុង​វ៉ាស៊ីនតោន៖ បន្ទាប់​ពី​លោក​ពូទីន​មិន​បាន​ចូល​រួម​ចរ​ចា​គ្នា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ លោក​ត្រាំ​ប្រកាស​ថា​លោក​កំពុង​រៀប​ចំ​ខ្លួន​ដើម្បី​និយាយ​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ពូទីន​នៅ​ពេល​ឆាប់​ៗ​នេះ​។ លោក​ថា​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​តែ​ធ្វើ​កិច្ច​ការ​នេះ (ជជែក​​គ្នា​ដោយ​ផ្ទាល់​)។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​បិទបញ្ចប់​ទស្សន​កិច្ច​​​បួន​ថ្ងៃ​នៅ​មជ្ឈិម​បូព៌ា​។

ក្រោយ​មក លោក​ត្រាំ​​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ពេលឡើង​យន្ត​ហោះ​ថា​លោក​នឹង​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​​ពូទីន​ឆាប់​ៗ​នេះ​។ ត្រាំ​ថា​គាត់ ​និង​លោក​ពូទីន​នឹង​ជួប​គ្នា​​ ហើយ​លោក​គិត​ថា​ជម្រើស​មាន​២​ ទី​១​-​បញ្ហា​អ៊ុយ​ក្រែន​អាច​ដោះ​ស្រាយ​ចេញ​ និង​ទី​២-​បញ្ហា​នេះ​​​អាច​ដោះ​ស្រាយ​​មិន​ចេញ​។ ហេតុ​​នេះ ផ្ទុយ​ពី​អ្វី​ដែល​លោក​ធ្លាប់​អះ​អាង​ថា​អាច​ដោះ​ស្រាយ​ចេញ​ត្រឹម​តែ​ម្ភៃ​បួន​ម៉ោង​តែ​ប៉ុណ្ណោះ​។ លោក​ត្រាំ​ថា​យ៉ាង​ហោច​ណាស់​ដោះ​ស្រាយ​ចេញ​ ឬ​មិន​ចេញ​ យើង​គង់​តែ​ដឹង​នា​ពេល​ខាង​មុខ​។

លោក​ថ្លែង​បន្ត​ទៀត​​​ថា​បើ​សិន​យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ​ វានឹង​​ក្លាយ​ជា​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​។​ លោក​ត្រាំ​សង្កត់​ធ្ងន់​ថា​ករណី​ដែល​លោក​ពូទីន​មិន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កា​រចរ​ចា​គ្នា​នៅ​ប្រទេស​​​តួក​គី​នោះ​មិន​មែន​ជា​រឿ​ង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​។ ​លោក​ចង់​បើក​កិច្ច​ប្រជុំ​ជា​មួយ​លោក​ពូទីន​។ លោក​នឹង​ចាក​ចេញ​ពី​ទី​នេះ​ដើម្បី​ទៅ​ជួប​លោក​ពូទីន​។

ក្រុម​បស្ចិម​ប្រទេស​ដែល​មាន​អាមេរិក​ អឺរ៉ុប និង​អ៊ុយ​ក្រែន​អំពាវ​នាវ​ឱ្យ​លោ​ក​ពូទីន​ទទួល​យក​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​ ដោយ​ឥត​លក្ខ​ខណ្ឌ និង​ជា​បន្ទាន់​រយៈ​ពេល​៣០​ថ្ងៃ​។ ជា​កិច្ច​ឆ្លើយ​តប​ចំពោះ​ការ​អំពាវ​នាវ​នេះ លោក​ពូទីន​បាន​ត្រឹម​ចាត់​គណៈ​ប្រតិ​ភូ​ថ្នាក់​ក្រោម​ដែល​មាន​ទី​ប្រឹក្សា​​​ និង​​មន្ត្រី​​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​ជាតិ​ទៅ​ចូល​រួម​។​ ប្រភព​ខ្លះ​ថា​ថ្ងៃ​នេះ លោក​ពូ​ទីន​សម្រេច​ដក​តំណែង​មេ​បញ្ជាការ​ទ័ពជើង​គោក​ និង​ឱ្យ​គាត់​កាន់​តំណែង​ថ្មី​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​។​

ទោះ​​បី​មិនបាន​​ជួប​គ្នា​កម្រិត​កំពូល​ ប៉ុន្តែ​ក្រុម​ការ​ងារ​របស់​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​​ពិត​ជា​បាន​ជួប​គ្នា​ដូច​ការ​គ្រោង​ទុក​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី សហ​គមន៍​អន្តរ​ជាតិ​គិត​តាំង​ពី​ដំបូង​ដៃ​ថា​កិច្ច​ជំនួប​លើក​នេះ​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​លទ្ធ​ផល​ជា​ដុំ​កំភួន​នោះទេ​។ ដូច​លោ​កហ្សេឡិនស្គី​និយាយ​អីចឹង​គឺ​ថា​រាល់​អំណាច​ និង​ការ​សម្រេច​ចិត្ត​ទាំង​អស់​​​ស្ថិត​​ក្នុង​ដៃ​​លោក​ពូទីន​​។

លោក​ត្រាំ​ថ្លែង​បន្ថែម​ទៀត​ថា​​ការ​ដែល​លោក​ពូទីន​មិន​បាន​ទៅ​ចូល​រួម​ការ​ចរ​ចា​ លោក​ក៏​​​យល់​ត្រង់​ចំណុច​នេះ​ផង​ដែរ​​។ ប៉ុន្តែ​លោក​ថា​យើង​ត្រូវ​តែ​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​មិន​អាច​បណ្ដោយ​ឱ្យ​ជីវិត​យុទ្ធ​ជន​ពលី​ជា​រៀង​រាល់​សប្ដាហ៍​ប្រាំ​ពាន់​នាក់​​បាន​ឡើយ​។​ ​លោក​​ត្រាំទទួល​ស្គាល់​ថា​លុះ​ត្រា​តែ​លោក​ និង​លោក​ពូទីន​ជួប​គ្នា​ទើប​អាច​បំបែក​ភាព​ទាល់​ច្រក​នេះ​បាន​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពីទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី​ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles