ទីក្រុងសេអ៊ូល ៖ ប្រុសស្រី២ម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង ពីបទប៉ុនប៉ងជំរិតទារប្រាក់រាប់លានវ៉ុនពីកីឡាករ Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាកីឡាករបាល់ទាត់ល្បីបំផុតប្រចាំទ្វីបអាស៊ី ដោយក្លែងបន្លំថា នាងមានផ្ទៃពោះកូនរបស់កីឡាកររូបនេះ និងទាមទារប្រាក់ដើម្បីរក្សារឿងនេះកុំឱ្យបែកធ្លាយ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap និង Korea JoongAng Daily បានឱ្យដឹងថា ប៉ុស្តិ៍ប៉ូលិសសង្កាត់ហ្គាងណាម (Gangnam) ទីក្រុងសេអ៊ូល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស៊ើបអង្កេតស្ត្រីម្នាក់មានអាយុ២០ឆ្នាំពីបទជំរិតទារប្រាក់ និងបុរសម្នាក់មានអាយុ៤០ឆ្នាំពីបទប៉ុនប៉ងជំរិត។ ប្រុសស្រីទាំង២នាក់កំពុងតែស្ថិតក្រោមការស៊ើបអង្កេតត្រូវបានចោទប្រកាន់ថាបានទៅជួប Son ជាលើកដំបូង កាលពីខែមិថុនា ឆ្នាំមុន ដោយអះអាងថា នាងកំពុងពពោះកូនរបស់គេ និងទារប្រាក់ជាច្រើនរយលានវ៉ុន ឬស្មើនឹងរាប់រយពាន់ដុល្លារអាមេរិក ជាថ្នូរដើម្បីរក្សាការសម្ងាត់។

តំណាងរបស់កីឡាករ Son Heung-min បានដាក់ពាក្យបណ្តឹងរបស់ប៉ូលិសដោយចោទប្រកាន់ពីការបង្ខូចកេរ្តិ៍ឈ្មោះខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur វ័យ៣២ឆ្នាំរូបនេះ កាលពីថ្ងៃទី ៧ ខែឧសភា ដោយបានហៅការចោទប្រកាន់របស់អ្នកទាំងពីរថាជារឿងមិនពិតទាំងស្រុង។ ភ្នាក់ងាររបស់កីឡាករ Son Heung-min បានបញ្ជាក់ដូច្នេះថា «យើងនឹងបន្តវិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង។ អ្នកទាំងពីរបានគំរាមកំហែង Son ដោយអះអាងថា ពួកគេនឹងផ្សព្វផ្សាយអំពីព័ត៌មានមិនពិតនេះ។ យើងសង្កត់ធ្ងន់ថា Son គឺជាជនរងគ្រោះក្នុងករណីនេះ»។
កីឡាករ Son Heung-min គឺជាបុគ្គលសាធារណៈដ៏ល្បីបំផុតម្នាក់របស់ប្រទេសកូរ៉េខាងត្បូង ដែលតែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលនៅលើទីលានប្រកួត និងការរស់នៅមានវិន័យខ្ពស់ដោយគ្មានរឿងអាស្រូវ។ បច្ចុប្បន្ន Son កំពុងប្រកបអាជីពជាមួយក្លិប Tottenham Hotspur នៅលីគកំពូលអង់គ្លេស ចាប់តាំងពីផ្លាស់ពីក្លិប អាល្លឺម៉ង់ Bayer Leverkusen ។ បើទោះបីជាមិនទាន់ជួយក្រុមរហស្សនាម «មាន់ខ្នាយមាស» ឈ្នះពានរង្វាន់ណាមួយក៏ពិតមែន ប៉ុន្តែ Son ក្នុងនាមជាប្រធានក្រុមទទួលបានការកោតសរសើរ និងពេញចិត្តពីអ្នកគាំទ្រទាំងនៅកូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។
កីឡាកររូបនេះ ធ្លាប់បានពន្យល់អំពីការសម្រេចចិត្តនៅលីវរបស់ខ្លួន ដើម្បីផ្តោតសំខាន់លើអាជីពបាល់ទាត់ទាំងស្រុង។ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian កាលពីឆ្នាំ២០១៩ Son បានពន្យល់ថា អាពាហ៍ពិពាហ៍នឹងផ្លាស់ប្តូរអាទិភាពចម្បងរបស់ខ្លួន ដោយជៀសមិនរួច។ Son បាននិយាយថា «ឪពុកខ្ញុំបានប្រាប់បែបនេះ ហើយខ្ញុំក៏យល់ស្របដែរ។ នៅពេលកូនរៀបការ រឿងទី១ នឹងក្លាយជាគ្រួសារ ប្រពន្ធ និងកូន បន្ទាប់មកគឺបាល់ទាត់។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា នៅពេលខ្ញុំកំពុងស្ថិតនៅកម្រិតកំពូលនៃអាជីព បាល់ទាត់អាចជារឿងទី១ ព្រោះអ្នកមិនដឹងថា អ្នកអាចលេងនៅកម្រិតកំពូលបានយូរប៉ុនណានោះទេ។ នៅពេលអ្នកចូលនិវត្តន៍ ឬនៅពេលអ្នកមានអាយុ ៣៣ ឬ ៣៤ ឆ្នាំ អ្នកនៅតែអាចរស់នៅបានយូរជាមួយគ្រួសាររបស់អ្នក»។
បើទោះជាប្រកាន់ជំហរបន្តភាពនៅលីវក៏ពិតមែន ប៉ុន្តែជីវិតស្នេហារបស់ Son បានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញសង្គមម្តងម្កាលផងដែរ រួមទាំងការមានទំនាក់ទំនងសេ្នហាជាមួយតារា K-pop ដូចជា កញ្ញា Yoo So-young និងពាក្យចចាមអារ៉ាមដែលមិនបានបញ្ជាក់ជាផ្លុវការ ដែលភ្ជាប់កីឡាកររូបនេះជាមួយនឹងកញ្ញា Kim Ji-soo សមាជិក Blackpink ផងដែរ ដ្បិត Son គឺជារក្សារឿងផ្ទាល់ខ្លួនជាសម្ងាត់។
Son ធ្លាប់លើកឡើងកាលពីដើមឆ្នាំនេះ អំពីការចូលនិវត្តន៍ពីអាជីពរបស់ខ្លួន ប៉ុន្តែកាលពីខែមករាកន្លងទៅ ក្លិប Tottenham Hotspur បានប្រកាសបន្តកុងត្រាបន្ថែមទៀតរហូតដល់ឆ្នាំ២០២៦៕ ដកស្រង់ប្រភព ៖ South China Morning Post