ទីក្រុងកៀវ៖ ក្រោយពេលចរចាគ្នាឥតបានប្រយោជន៍អ្វីក្រៅពីយល់ព្រមដូរឈ្លើយសឹកគ្នាម្ខាងៗមួយពាន់នាក់ រុស្ស៊ីចាប់ផ្ដើមពន្លះអ៊ុយក្រែនកាន់តែខ្លាំង។ នៅក្នុងសំណើរបស់រុស្ស៊ីក៏មានចំណុចមួយទាមទារឱ្យអ៊ុយក្រែនដកកងទ័ពថយចេញពីទឹកដីរបស់ខ្លួនមួយភាគធំទើបរុស្ស៊ីពិចារណាលើបទឈប់បាញ់។ ចំពោះសំណើរបស់អ៊ុយក្រែនដែលចង់ជួបមុខគ្នាផ្ទាល់រវាងលោកពូទីន និងលោកហ្សេឡិនស្គីនោះត្រូវរុស្ស៊ីអះអាងថា «កុំភ័យ, គង់តែបានជួបគ្នាទេ។ សំខាន់ត្រូវធ្វើតាមលក្ខខណ្ឌរុស្ស៊ី »។
នៅក្នុងស្ថានភាពដែលសមរភូមិនយោបាយ និងការទូតមិនសូវរីកចម្រើនទៅមុខ នៅលើសមរភូមិយោធា រុស្ស៊ីបានវាយប្រហារដោយដ្រូនច្រើនបំផុតមិនធ្លាប់មាន និងសម្លាប់បានមនុស្សម្នាក់នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ ក្រៅពីនេះ មនុស្សបីនាក់រងរបួស។ អាជ្ញាធរអ៊ុយក្រែនទទួលស្គាល់ថារុស្ស៊ីវាយប្រហារដោយឥតបន្ធូរដៃពិតមែន។ ពោលគឺវាយតាំងពីពាក់កណ្ដាលអធ្រាត្ររហូតដល់ម៉ោង៨ព្រឹក។ រុស្ស៊ីបញ្ជូនដ្រូនយ៉ាងតិច២៧៣ដើម្បីវាយប្រហារយ៉ាងជញ្ជ្រំទៅលើទីក្រុងកៀវ, តំបន់ឌីនីប្រូ (Dnipro) និងដូញែត (Donetsk) នៅភាគខាងកើត។ នេះបើតាមការប្រកាសរបស់កងទ័ពអាកាសអ៊ុយក្រែន។
ការចរចាគ្នាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីនៅប្រទេសតួកគីនោះបានបិទបញ្ចប់ទៅដោយគ្មានបទឈប់បាញ់។ ដូច្នេះ អ្វីដែលអឺរ៉ុប អ៊ុយក្រែន និងអាមេរិកស្នើសុំយ៉ាងទទូចឱ្យមានបទឈប់បាញ់ដ៏ពេញលេញ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរយៈពេល៣០ថ្ងៃនោះបែរជាអសារឥតការ។ អ្នកដែលពិបាកចិត្តជាងគេគឺលោកត្រាំដែលធ្លាប់និយាយក្ដែងៗថាប្រើពេល២៤ម៉ោងបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យខាងតែបាន។ ឥឡូវនេះ នៅសល់តែ២ថ្ងៃទៀតលោកឡើងកាន់អំណាចគ្រប់៤ខែល្មម។
ត្រាំថ្លែងថាមើលទៅ, លោកត្រូវតែចេញមុខនិយាយគ្នាដោយផ្ទាល់ជាមួយលោកពូទីនហើយទើបបាន។ លោកក៏ត្រៀមនិយាយជាទូរស័ព្ទជាមួយលោកហ្សេឡិនស្គីផងដែរនៅថ្ងៃចន្ទ។ ការវាយប្រហារមួយប្រាវរបស់រុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យបានសម្លាប់ស្ត្រីវ័យ២៨ឆ្នាំនៅកណ្ដាលរដ្ឋធានីកៀវ។ នៅក្នុងចំណោមអ្នករបួសទាំង៣ក៏មានកុមារម្នាក់ផងដែរអាយុ៤ឆ្នាំ។
គិតទៅ, ទីក្រុងកៀវ និងតំបន់ខ្សែក្រវាត់ទីក្រុងនេះនៅភាគខាងកើតរងការវាយប្រហារផ្ទួនៗគ្នារយៈពេល៩ម៉ោងជាប់គ្នា។ កងទ័ពអាកាសអ៊ុយក្រែនត្រូវជាប់រវល់តាមបាញ់ប្រហារដ្រូន ឬត្រូវវាយរុញច្រានឱ្យថយក្រោយវិញ។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃអាទិត្យទើបពួកគេប្រកាសបិទបញ្ចប់បេសកកម្ម។ លោកយូរី អ៊ីណាត (Yuri Ihnat) ជាប្រធានផ្នែកទំនាក់ទំនងទូទៅនៃកងទ័ពអាកាសអ៊ុយក្រែនប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ថានេះជាការវាយប្រហារដោយដ្រូនដ៏ច្រើនបំផុតមិនធ្លាប់មាន។
តាមពិត មិនមែនតែអ៊ុយក្រែនទេដែលរងការវាយប្រហារ។ រុស្ស៊ីអះអាងថាខ្លួនក៏រងការវាយប្រហារផងដែរដល់ថ្នាក់បិទព្រលានយន្តហោះជាច្រើនកន្លែងនៅទីក្រុងម៉ូស្គូជាបណ្ដោះអាសន្នអស់ជាច្រើនម៉ោង។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនយ៉ាងតិច៧គ្រឿងកាលពីយប់ថ្ងៃសៅរ៍ឆ្លងចូលព្រឹកថ្ងៃអាទិត្យ និងបាញ់ទម្លាក់បាន១៨គ្រឿងថែមទៀតនៅព្រឹកថ្ងៃអាទិត្យ។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ (Reuters), អេភី (AP) និងប្រភពដទៃទៀត៕