ប្រទេសក្រួអាត ៖ កូនប្រុសកីឡាករបាល់ទាត់ Cristiano Ronaldo គឺយុវជន Cristiano Ronaldo Jr. បានស៊ុតបញ្ចូលទីពីរគ្រាប់ និងជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់យុវជនអាយុក្រោម១៥ឆ្នាំ នៅក្នុងជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ ៣-២ ទល់នឹងក្រុម U15 ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឈ្នះពានរង្វាន់អន្តរជាតិ Vlatko Markovic ដែលបានចាប់ផ្តើមក្នុងសប្តាហ៍នេះ នៅក្នុងប្រទេសក្រូអាត។
គិតមកទល់ពេលនេះ Cristiano Ronaldo Jr. បង្ហាញខ្លួនជាលើកទី៤ហើយ សម្រាប់ក្រុម U15 របស់ព័រទុយហ្គាល់ ខណៈខ្សែប្រយុទ្ធក្លិប Al Nassr វ័យ១៤ឆ្នាំរូបនេះ រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះលើម្ចាស់ផ្ទះក្រូអាត ដោយជួយព័រទុយហ្គាល់គ្រងជើងឯកពានរង្វាន់ Vlatko Markovic ដែលជាការប្រកួតពានរង្វាន់អន្តរជាតិបាល់ទាត់យុវជន ដោយចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែឧសភា មកម្ល៉េះ។
នៅក្នុងការស៊ុតបញ្ចូលគ្រាប់បាល់លើកដំបូងសម្រាប់ព័រទុយហ្គាល់ Ronaldo Jr. ក៏បានចម្លងស្ទាយអបអរ «SIU» ដ៏ល្បីល្បាញរបស់ឪពុកខ្លួនផងដែរ។ សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បានអបអរគ្រាប់បាល់របស់ Ronaldo Jr ដោយសរសេរនៅលើ Instagram ថា «SIUUUU ដំបូងរបស់ Cristiano Jr. សម្រាប់ព័រទុយហ្គាល់!» ។
គួររំលឹកថា កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិឈុតធំព័រទុយហ្គាល់រូបនេះ ត្រូវបានកោះហៅជាលើកដំបូងសម្រាប់ក្រុម U15 របស់ព័រទុយហ្គាល់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិ Vlatko Marković។ ដោយនៅពេលនោះ Cristiano Ronaldo ដែលជាឪពុកបានអបអរសាទរកូនប្រុសលើការបង្ហោះ Story Instagram ដោយបង្ហាញឈ្មោះកូនប្រុសក្នុងបញ្ជីក្រុម U15 ព័រទុយហ្គាល់ និងភ្ជាប់ជាមួយសំណេរថា «មោទកភាពកូនប្រុស!»៕ ប្រភព ៖ ESPN



