ព្រះ​មហា​ក្សត្រ​អង់​គ្លេស​ផ្ញើ​លិខិត​ជូន​លោក​បៃដិន​ក្រោយ​រក​ឃើញ​មហា​រីក​ប្រូស្តាត

ព្រះ​មហា​ក្សត្រ​អង់​គ្លេស​ផ្ញើ​លិខិត​ជូន​លោក​បៃដិន​ក្រោយ​រក​ឃើញ​មហា​រីក​ប្រូស្តាត

ទី​ក្រុង​ឡុង​៖ ព្រះ​មហា​ក្សត្រ​ឆាល (Charles) ​នៃ​ចក្រ​ភព​អង់គ្លេស​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​បៃដិន​បន្ទាប់​ពី​ព្រះ​អង្គ​ទទួល​ដំណឹង​ថា​លោក​កើត​ជំងឺ​មហា​រីក​ប្រូស្តាត​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ​បរម​រាជ​វាំង​អង់គ្លេស​។ ប្រភព​ដែល​មិន​បញ្ច​ញ​ឈ្មោះ​​​​ប្រាប់​គេហ​ទំព័រ​ដឹ​​មៀរើ​ (The Mirror) ថា​​​រូប​ព្រះ​អង្គ​ផ្ទាល់​ក៏​ប្រឈម​នឹង​បញ្ហា​ប្រូ​ស្តាត​ដូច​គ្នា​។ ​គ្រាន់​តែ​មិន​ដល់​ថ្នាក់​មហា​រីក​កាច​ដូច​លោក​បៃដិន មាន​ន័យ​ថា​ប្រូស្តាត​របស់​ព្រះ​អង្គ​ជា​ដុំ​សាច់​ប្រូស្តាត​ស្លូត​។ ហេតុនេះ​ព្រះ​អង្គ​ចង់​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ទៅ​លោក​បៃដិន​។

ព្រះ​អង្គ​ និ​ងលោ​កបៃដិន​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់​ទំនង​​ និង​​​អនុស្សាវរីយ៍​​ល្អ​នឹង​គ្នា​។ កាល​ពី​ឆ្នាំ​២០២២​ លោក​បៃដិន​​ធ្លាប់​ចូល​រួម​ពិធី​​គោរពព្រះ​​បរម​សព​អតីត​ព្រះ​មហា​ក្សត្រិយានី​អេលី​ហ្សាបែត​ទី​២​ដែល​ត្រូវ​ជា​ព្រះ​មាតា​ព្រះ​មហាក្សត្រ​ឆាល​​បច្ចុប្បន្ន​។ ក្រោយ​មក​ លោក​ជំទាវ​ជីល​បៃដិន (Jill Biden) ក៏​ចូល​រួម​ពិធី​សោយ​រាជ្យ​សម្បត្តិ​របស់​ព្រះអង្គកាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣​​​។

បន្ទាប់​ពី​ប្រកាស​ដំណឹង​កើត​​ជំងឺ​មហា​រីក​ប្រូស្តាត​រួច​មក​ លោ​កបៃដិន​​បាន​​បង្ហោះ​សារ​នៅ​លើ​អ៊ីន​ស្ត្រាក្រាម និង​ភ្ជាប់​រូប​ថត​១​សន្លឹក​បង្ហាញ​រូប​លោក​ ភរិយា និង​សត្វ​ឆ្មា​ឈ្មោះ​វីឡូ (Willow)។ លោក​សរ​សេរ​ថា​ជំងឺ​មហារីក​អាច​នឹង​កើត​ឡើង​ទៅ​លើមនុ​ស្ស​គ្រប់​រូប​​​។ លោក​ថា​លោក​ និង​ភរិយា​នៅ​តែ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ជា​និច្ច​នៅ​ក្នុង​ការ​តស៊ូ​នឹង​ស្ថាន​ភាព​នេះ​។ លោក​សូម​អរ​គុណ​ចំពោះ​អ្នក​រាល់​គ្នា​ដែល​បង្ហាញ​ការ​ស្រឡាញ់​ចូល​ចិត្ត និង​គាំទ្រ​រូប​លោក​។​

ខុទ្ទ​កាល័យ​របស់​លោក​បៃដិន​បាន​ចេញ​សេច​ក្ដី​ប្រកាស​អំពី​ការ​រក​ឃើញ​ជំងឺ​នេះ​ពី​សំណាក់ក្រុម​គ្រូ​ពេទ្យ​។ បច្ចុប្បន្ន​នេះ​ លោក​បៃដិន​កំពុង​ពិនិត្យ​មើល​ថា​តើ​ត្រូវ​ជ្រើស​រើស​វិធី​ព្យាបាល​ដោយ​របៀប​ណា​ខ្លះ​។ កាល​ពី​សប្ដាហ៍​មុន ក្រុម​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ​បន្ទាប់​ពី​លោ​កបៃដិន​ចេះ​តែ​មាន​អាការៈ​មិន​ស្រួល​ មាន​បញ្ហា​នៅ​ប្រព័ន្ធ​ទឹក​មូត្រ​។ កាល​ពី​ថ្ងៃ​សុក្រ​ គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​លោក​មាន​ជំងឺ​មហា​រីក​ប្រូស្តាត​​។​

លោក​បៃដិន​ដែល​បញ្ចប់​តំណែង​កាល​ពី​ខែ​មករា ឆ្នាំ​២០២៥​ ធ្លាប់​ត្រូវ​គេ​ព្រួយ​បារម្ភ​ច្រើន​ណាស់​អំពី​បញ្ហា​សុខ​ភាព​​របស់​គាត់​។ គេ​បារម្ភ​ថា​តើ​លោក​អាច​នឹង​បំពេញ​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ចប់​ចុង​ចប់​ដើម​ដែរ​ឬ​ទេ​បើ​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ តាំង​ពី​យូរ​មក​ហើយ មនុស្ស​នាំ​គ្នា​ខ្សិប​ខ្សៀវ​គ្នា​អំពី​បញ្ហា​សុខ​ភាព​កាន់​តែ​ចាស់​ទ្រុឌ​ទ្រោម​ទាំង​សមត្ថ​ភាព​រាង​កាយ និង​ខួរ​ក្បាល​របស់​​លោក​។ លោក​ឧស្សាហ៍​ដើរ​ក្រឡាច់​ជើង​ដួល​ជា​សា​ធារណៈ និង​ឧស្សាហ៍​និយាយ​ភ្លេច​ភ្លាំង​ជា​ញឹក​ញាប់​នៅ​ក្នុង​ពិធី​សំខាន់​ៗ​។​

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មន្ទីរ​ពេទ្យ​យោធា​អាមេរិក​វ៉ល​ថឺ រីត​ (Walter Reed) ​បញ្ជាក់​ថា​លោក​បៃដិន​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា​អាច​បន្ត​កាន់​អំណាច​នៅ​អាណត្តិ​ថ្មី​បាន​។ ប៉ុន្តែ​មនុស្ស​ទូទៅ​នៅ​តែ​មិន​ទុក​ចិត្ត​ទាំង​ស្រុង​ទេ​។​​ សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជា​មួយ​គ្នា​ក៏​ទទួ​លស្គាល់​ត្រង់​ចំណុច​នេះ​ផង​ដែរ​។ ពួក​គេ​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​ ហើយ​ដាក់​​លោក​ស្រី​ហារីស (Harris) ​ជំនួស​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles