ចក្រភពអង់គ្លេស ៖ ផ្សែងពណ៌ខៀវអ័ព្ទខ្មួលខ្មាញ់ក្រាស់ជុំវិញកីឡដ្ឋាន Goodison Park ដែលមានមូលដ្ឋាននៅក្នុងតំបន់វ៉លតុន (Walton) ទីក្រុងលីវ៉ឺភូល (Liverpool) ប្រទេសអង់គ្លេស ដោយគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាកីឡដ្ឋានរបស់ក្លិបស្ករគ្រាប់ Everton នៅពេលដែលអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាជិត៤ម៉ោង នៅមុនពេលការប្រកួតចាប់ផ្តើម ដើម្បីធ្វើពិធីលាកីឡដ្ឋានអាយុកាល១៣៣ឆ្នាំមួយនេះ។
ក្រុមស្ករគ្រាប់ Everton បានបើកទ្វារកីឡដ្ឋាន Goodison Park របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀង Southampton សម្រាប់ជំនួបសប្តាហ៍ទី៣៧ នៃលីគកំពូលអង់គ្លេស Premier League កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយបញ្ចប់ទៅជាមួយជ័យជម្នះដោយលទ្ធផល ២-០ ខណៈដែលជំនួបនេះ គឺជាការប្រកួតចុងក្រោយរបស់ក្រុមបុរសឈុតធំ Everton នៅក្នុងកីឡដ្ឋានដែលបើកដំណើរការតាំងពីឆ្នាំ១៨៩២មួយនេះ។
ក្រៅអំពីអបអរជ័យជម្នះហើយនោះ បណ្តាថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ អតីតកីឡាករ ក្រុមការងារទាំងអស់ ជាពិសេសអ្នកគាំទ្រជាច្រើននាក់បានសម្រក់ទឹកភ្នែកនឹកស្រណោះអាឡោះអាល័យកីឡដ្ឋានវ័យចំណាស់មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៣៩ ៥៧២នាក់មួយនេះ ដែលធ្លាប់ឆ្លងកាត់ភាពរីករាយ ក្រៀមក្រំ ជោគជ័យ និងរឿងល្វីងជូរចត់ជាច្រើនរាប់មិនអស់កន្លងមកជាមួយគ្នា។
ក្រុមបុរសឈុតធំ Everton នឹងផ្លាស់ទៅលេងនៅកីឡដ្ឋានថ្មីឈ្មោះថា Hill Dickinson ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៥៣ ០០០នាក់ នៅក្នុងតំបន់កំពង់ផែ Bramley-Moore Dock ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២១ និងបើកដំណើរការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចំណាយប្រាក់អស់ប្រមាណ ៨០០លានផោន ឬស្មើនឹងជាង ១,០៦ពាន់លានដុល្លារអាមេរិក។ Hill Dickinson គឺជាកីឡដ្ឋានដ៏ទំនើប ព្រមទាំងមានសមត្ថភាពអាចរៀបចំការប្រគុំតន្ត្រី និងការប្រកួតប្រភេទកីឡាផ្សេងទៀត ដែលអាចបង្កើតប្រាក់ចំណូលបន្ថែមមួយផ្នែកទៀតសម្រាប់ក្លិប Everton។
បើទោះជាក្រុឈុតធំ Everton ផ្លាស់ចេញពីកីឡដ្ឋាន Goodison Park ក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថា កីឡដ្ឋានអាយុកាលដ៏ចំណាស់មួយនេះ ត្រូវវាយកំទេចចោលនោះទេ ដោយកីឡដ្ឋាននេះ នឹងក្លាយជាទឹកដីរបស់ក្រុមនារី Everton ជំនួសវិញ។ កន្លងមក ក្រុមនារី Everton បានប្រើប្រាស់ទីលានប្រកួត Walton Hall Park គឺជាទឹកដីរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២០ ប៉ុន្តែពួកគេក៏ធ្លាប់បានប្រកួតនៅក្នុងកីឡដ្ឋាន Goodison Park ប៉ុន្មានលើកផងដែរ រួមទាំងការប្រកួតជំនួប Merseyside Derby ទល់នឹងក្រុមនារី Liverpool ផងដែរ។
សូមជម្រាបថា ក្រុមស្ករគ្រាប់ Everton បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី១៣ នៃលីគកំពូលអង់គ្លេស ធានាបានកៅអីប្រកួតសម្រាប់រដូវកាលក្រោយ ២០២៥-២៦។ ពួកគេនៅសល់មួយប្រកួតទៀតដែលត្រូវលេង ដោយត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមសារិកាព្រៃ Newcastle United នៅឯកីឡដ្ឋាន St James’ Park នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលជាជំនួបបិទរដូវកាល៕







