ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្ត បានដឹកនាំកម្លាំងការិយាល័យបង្ក្រាបករណីដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត នាំចូលពីប្រទេសថៃ នៅផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលស្រុកថ្មគោល ស្រុកថ្មគោល ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់រថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU-២៩៧៦៤ បើកបរដោយឈ្មោះ ញា ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ។ នៅពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញគ្រឿងក្នុងជ្រូកចំនួន២០កេស ក្នុង១កេសទម្ងន់ ៥០គីឡូក្រាម សរុបទម្ងន់ ១០០០គីឡូក្រាម រួចនាំទាំងវត្ថុតាងនិងអ្នកបើកបរមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។

ក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានរាយការណ៍ជូនទៅឯកឧត្តម កែវ សុជាតិ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងអំពីបញ្ហានេះ ។ លុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោក ទូត វីនីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំមន្ត្រីជំនាញរួមមាន មន្ត្រីការិយាល័យផលិតកម្មមន្ត្រីបសុព្យាបាល មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីនគរបាល យកគ្រឿងក្នុងជ្រូកនេះទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ។ រីឯអ្នកដឹកជញ្ជូន គឺសមត្ថកិច្ចបន្តចាត់ការទៅតាមផ្លូវច្បាប់ ៕



