យើងកំពុងរស់នៅក្នុងយុគសម័យមួយដែលបញ្ញាសិប្បនិម្មិតហៅកាត់ថា AI គឺកាន់តែមានឥទ្ធិពល ហើយសុក្រិត្យភាពរបស់វាក៏កាន់តែប្រសើរដែលគ្រូសីល អ្នកសច្ចំ តាបស អ្នកទស្សន៍ទាយ ព្រមទាំងគ្រូបារមីខ្លះអាចនឹងប្រើប្រាស់វាជាជំនួយ ។ ឈប់បានគួរឈប់ទៅបងប្អូន សូមកុំអោយសង្គមបន្តរស់នៅក្នុងអបិយជំនឿដ៏ងប់ងល់ខ្លាំងពេកវាមិនចម្រើនទេសម្រាប់យើង គ្រួសារយើង និងសហគមន៍យើងទាំងមូល ។
នៅសម័យនេះ អ្វីៗ គឺកំពុងតែឈានដំណើរការដោយ AI សូម្បីតែរថយន្តក៏អាចបើកបរដោយខ្លួនឯងរហូតដល់ chatbots ឆ្លាតវៃ និងការវិនិច្ឆ័យវេជ្ជសាស្ត្រកម្រិតខ្ពស់ ។ AI កំពុងតែឈានទៅផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃជីវិតរបស់សង្គមជីវភាពមនុស្សជាតិយើងទាំងអស់គ្នា ។

បដិវត្តន៍បច្ចេកវិទ្យាទាំងនេះវាមិនមែនគ្រាន់តែជាការបំពាក់ ឬដំឡើងនៅក្នុងម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ត្រូវបានមនុស្សជាច្រើនជ្រើសរើសវា គឺជាមាគ៌ាតម្រង់ទិសមួយ ។ ដូចនេះគ្រូអបិយជំនឿដែលមានអ្នកសច្ចំ តាបស ឬបុគ្គលដែលតំណាងឲ្យកម្លាំងអភិនិហាក៏ដូចជាបារមី ដែលយើងកំពុងតែជឿផ្កាប់មុខនេះ ក៏អាចប្រើប្រាស់ AI ដើម្បីជំនួយផងដែរ ។
អ្នកសាកល្បងវា.យថ្ងៃខែឆ្នាំកំណើត ហើយឈ្មោះហើយសាកល្បងឲ្យ AI វាទស្សន៍ទាយមកលទ្ធផលនឹងចេញមក ។ ក្រៅពីនោះបើចង់លម្អិតថែមទៀត អ្នកអាចសាកល្បងបន្តជជែកពិភាក្សា ហើយជជីកដេញដោលអំពីបំណងប្រាថ្នាដូចដែលអ្នកទៅជួបគ្រូហោរាសាស្ត្រនោះអ្នកនឹងភ្លឺភ្នែក ។
នៅក្នុងយុគសម័យកាលនេះ AI បានកំពុងតែធ្វើឱ្យមានការផ្លាស់ប្តូរពីរបៀបដែលយើងគិត ជំនឿ និងយល់ពីពិភពលោកជុំវិញយើង ។ នៅក្នុងបរិបទនេះវាដល់ពេលដែលយើងគួរតែវាយតម្លៃឡើងវិញ នូវតួនាទីនៃអបិយជំនឿនៅក្នុងសង្គមរបស់យើងហើយ ។

ជាការពិត ជំនឿ ប្រពៃណី វប្បធម៌ ក៏ដូចជា អបិយជំនឿ វា គឺជាមូលដ្ឋាននៃចំណេះដឹង និងការអប់រំរបស់សង្គមយើងតាំងពីដើមរៀងមក ។ ប៉ុន្តែវាមិនគួរកំណត់ជាមូលដ្ឋាននៃការសម្រេចចិត្តរបស់យើង ឬកំណត់ការរីកចម្រើនរបស់យើងតទៅទៀតឡើយ ។ នេះ គឺជាយុគសម័យនៃ AI ហើយយើងគួរតែកាត់បន្ថយអបិយជំនឿ ហើយព្យាយាមរក្សាទុក វាត្រឹមតែតម្រា ដើម្បីពង្រឹង និងជាមូលដ្ឋាននៃការអប់រំសីលធម៌ ដើម្បីប្រើប្រាស់ AI រីកចម្រើនទៅមុខដើម្បីយើងសហគមន៍ និងសង្គមជាតិយើងទាំងមូល ។
អបិយជំនឿតាមនិយមន័យ គឺជាជំនឿលើបុព្វហេតុអរូបីដែលជាកម្លាំងអភិនិហាដែលមនុស្សខ្លះប្រើប្រាស់វាទៅអាចមានប្រយោជន៍ ប៉ុន្តែមនុស្សខ្លះអាចបាត់ប្រយោជន៍ ដោយសារតែវាជ្រុលនិយមខ្លាំងពេកនាំទៅរកការសម្រេចចិត្តដែលមិនមានហេតុផល ។ ជាការពិតមនុស្សដែលជឿលើអបិយជំនឿបែបនេះ គឺហាក់ដូចជា គ្មានបញ្ហា ប៉ុន្តែនៅពេលដែលដែលបុគ្គលរូបនោះ បណ្តោយឲ្យអបិយជំនឿវាមានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗក្នុងជីវិតដោយគ្មានសតិ និងបញ្ញានោះវាអាចនឹងក្លាយជាឧបសគ្គក្នុងការឈានទៅមុខ ។
នៅពេលនេះដោយសារតែ AI កំពុងតែធ្វើការដោយឈរនៅលើមូលដ្ឋានទិន្នន័យ តក្កវិជ្ជា និងភស្តុតាងខាងវិទ្យាសាស្ត្រ បណ្តាបុគ្គលដែលតាំងខ្លួនជាបុគ្គលអស្ចារ្យ ឬបុគ្គអច្ឆរិយៈទាំងនោះពួកគេអាចនឹងលួចប្រើប្រាស់ AI ជាសម្ងាត់ ដើម្បីធ្វើជាមូលដ្ឋានវិភាគ ហើយផ្តល់ការសម្រេចចិត្តដល់អ្នកដែលជឿ ។ ពួកគេយល់ពីចិត្តសាស្ត្ររបស់មនុស្ស ដោយមានជំនួយពី AI ពួកគេអាចនឹងប្រើប្រាស់បង្កើតមូលដ្ឋានទាំងនេះ ដើម្បីផ្តល់ដំបូន្មានដល់អស់អ្នកដែលជឿលើពួកគេតាមហេតុ និងផលដែលពួកគេចង់បាន ។
ដើម្បីភាពរីកចម្រើនរបស់យើង និងសង្គមយើងត្រូវតែបង្រៀនមនុស្ស ជាពិសេសមនុស្សជំនាន់ក្រោយថា ជោគជ័យកើតចេញពីការត្រៀមខ្លួន និងការប្រឹងប្រែង មិនមែនមកពីសំណាង ឬពេលវេលាល្អ តាមតែអបិយជំនឿឡើយ ។
សូមប្រើប្រាស់ មូលដ្ឋានដែលមាននៅលើ AI សម្រាប់ការរៀនសូត្របង្កើនផលិតភាព និងការកែលម្អខ្លួនឯងផ្តល់នូវលទ្ធផលគួរឱ្យទុកចិត្តជាងអបិយជំនឿ ។ នៅសម័យនេះ សូមព្យាយាមកាត់បន្ថយការកំណត់ជោគវាសនារបស់យើងដោយសារអបិយជំនឿតទៀតទៅ ប្រសិនបើយើងចង់បោះជំហានឈានទៅមុខ ។ យើងត្រូវវិនិយោគលើការគិតបែបរិះគន់ ហើយត្រូវតែពង្រឹង និងសន្សំចំណេះដឹងផ្នែកឌីជីថល និងការយល់ដឹងអំពីវិទ្យាសាស្ត្រ ។
អនាគតជាកម្មសិទ្ធិរបស់យើង ដូចនេះ អបិយជំនឿមិនមែនជាមូលដ្ឋានដែលយើងគួរតែផ្អែកលើ ដើម្បីឈានទៅរកអនាគតយើងបានឡើយ ។ សូមកុំបន្តផ្កាប់មុខនឹងអបិយជំនឿ ឬក៏បារមីបន្តទៀត ៕