ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ១ខ្នងបាក់រាបដល់ដី ដោយសាររថយន្តធុនធំប្រភេទវេអងដឹកដំឡូងមីជាង៤០តោន ក្រឡាប់សង្កត់ពីលើ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតភូមិអង្ករខ្មៅ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍ប្រាប់ថា មុនពេលកើតហេតុ មានរថយន្តធុនធំប្រភេទវេអងផ្លូវប្រាំមួយគ្រឿងដឹកដំឡូងមីពេញ បើកបរក្នុងទិសដៅពីកើតមកលិច ស្រាប់តែក្រឡាប់ផ្ងារជើងលើសង្កត់ផ្ទៈ១ខ្នងឈើប្រក់ស័ង្កសីរាបដល់ដី សំណាងល្អគ្មានអ្នកនៅ ខូចខាតតែផ្ទៈនិងសម្ភារៈ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍ គេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានចុះទៅពិនិត្យ និងឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំប្រភេទយីឌុបផ្លូវប្រាំដឹកដំឡូងមីស្ងួតជាង៤០តោនរ៉េចង្កូតក្រឡាប់សង្កត់ផ្ទៈ១ខ្នងឈើប្រក់ស័ង្កសីទ្រូបដល់ដីនិងខូចខាតសម្ភារៈ តែគ្មានអ្នករងរបួស ព្រោះម្ចាស់ទៅធ្វើការប្រទេសថៃចាក់សោទុកចោល។
ក្រោយពិនិត្យហើយ រថយន្តធុនធំដែលបង្កគ្រោះថ្នាក់ អ្នកបើកបរបានគេចខ្លួន នៅតែព្រូរថយន្តម្នាក់ហើយដំឡូងមីជាង៤០តោនកំពុងម៉ៅអោយប្រជាពលរដ្ឋសាងដាក់រថយន្ត១គ្រឿងទៀតក្នុងតំលៃ៩០ម៉ឺនរៀល ។ ក្រោយជញ្ជូនដំឡូងមីអស់ សមត្ថកិច្ចបានយករថយន្តដែលបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលមង្គលបូរី ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕











