រាជធានីភ្នំពេញ ៖ ភាពយឺតយ៉ាវរបស់លោកអាជ្ញាកណ្ដាលឡុង វិបុល ក្នុងការឃាត់កីឡាករកម្ពុជា ណាំ ឈៀវ ដែលបានចាប់ក្លេរឹតកអ្នកប្រដាល់មីយ៉ានម៉ា Joe Phyu នោះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងទៅលើការប្រកួតMas Fightនៅលើសង្វៀនថោន កាលពីយប់ថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ ។
អ្នកទស្សនាភាគច្រើនមិនពេញចិត្តសោះឡើយចំពោះសកម្មភាពយឺតយ៉ាវរបស់អាជ្ញាកណ្ដាលឡុង វិបុល និងបានទទូចឱ្យសង្វៀនមួយនេះកែតម្រូវឡើងវិញ ចៀសវាងប៉ះពាល់ដល់អាយុជីវិតរបស់កីឡាករ។
ទាំងអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រមីយ៉ាន់ម៉ាដែលបានមើលការប្រកួតតាមរយៈការផ្សាយផ្ទាល់ បានរិះគន់យ៉ាងខ្លាំងទៅលើលោកអាជ្ញាកណ្ដាលឡុង វិបុល ថាខ្វះបទពិសោធន៍មកធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីការប្រកួតMas Fight ។ ភាពយឺតយ៉ាវរបស់លោកអាជ្ញាកណ្ដាលឡុង វិបុល ក្នុងការចាប់ឃាត់កីឡាករណាំ ឈៀវ ដែលបានចាប់ក្រៀកនិងរឹតកកីឡាករ Joe Phyu ពីក្រោយស្ទើរតែស្លាប់ និងការមិនបានស្ទុះយកដៃទៅត្រកងទប់កីឡាករភូមាដែលកំពុងបាត់បង់ស្មារតីធ្វើឱ្យដួលបោកក្បាលលើកម្រាលសង្វៀនទាំងជំហរ បាននិងកំពុងក្លាយជាប្រធានបទក្ដៅផ្ទុះការរិះគន់ដូចព្យុះ ។ សូម្បីលោក Oliver Coste ជាអាជ្ញាកណ្ដាលប្រចាំសង្វៀនOne Championshipក៏បញ្ចេញប្រតិកម្មទៅលើបញ្ហានេះដែរ ។
លោកបានសរសេរសារបង្ហោះថា «គុនខ្មែរនៅក្នុងការប្រកួតគុនចម្រុះ(MMA)មិនត្រឹមត្រូវឡើយ។ខ្ញុំគិតថា ពួកគេចង់បញ្ចូលនូវច្បាប់ប្រកួតយុទ្ធគុនចម្រុះ ប៉ុន្តែអាជ្ញាកណ្ដាលគ្មានចំណេះដឹងទៅលើជំនាញនៃការប្រកួតMMAឡើយ។ សង្ឃឹមថារឿងនេះមិនកើតឡើងម្ដងទៀតចុះ»។
ទន្ទឹមគ្នានេះដែរផេកកីឡាដ៏ល្បីឈ្មោះមួយរបស់មីយ៉ាន់ម៉ាANSដែលមានអ្នកចូលមើលច្រើនជាង២០ម៉ឺននាក់ បានបង្ហោះសារសំដៅទៅលើលោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយពួកគេស្នើឱ្យមានវិធានការចំពោះលោកអាជ្ញាកណ្ដាលឡុង វិបុល។ ANS បានសំណូមពរថា សុំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរដកលោក ឡុង វិបុល ចេញពីតួនាទីអាជ្ញាកណ្ដាលគុនខ្មែរទៅធ្វើការងារផ្សេងជំនួសវិញ។
លោកឧត្តមសេនីយ៍ទោខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលស្គាល់ថា ក្បាច់ប្រកួតរបស់Mas Fightមានលក្ខណៈប្លែកពីច្បាប់ប្រកួតគុនខ្មែរបន្តិច តែលោកបានលើកឡើងថា ការប្រកួតMas Fight កន្លងមកគឺអាជ្ញាកណ្ដាលចៅក្រមគុនខ្មែរជាអ្នកដឹកនាំការប្រកួតទាំងអស់ ។ លោកបញ្ជាក់ថា ចំពោះបញ្ហាដែលកើតឡើងក្រោមការកាត់ក្ដីរបស់លោកឡុង វិបុល នោះ ក្រុមការងារសហព័ន្ធកំពុងពិនិត្យមើលលើកិច្ចការនេះហើយ។
លោក គឹម ស្រ៊ុនកុសល ហៅTommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន និងជាប្រធានMas Fightប្រចាំកម្ពុជា បានថ្លែងថា បញ្ហាគ្រប់យ៉ាងដែលបានកើតឡើងក្នុងការប្រកួតMas Fightកាលពីថ្ងៃអាទិត្យមកនោះ បានដោះស្រាយរួចអស់ហើយ។ យើងបានដោះស្រាយជាមួយខាងមីយ៉ានម៉ារួចហើយតាមរយៈការពន្យល់។
លោកបានលើកឡើងថា ការកើតបញ្ហាដូចការប្រកួតកាលពីថ្ងៃអាទិត្យ ដោយសារតែចៅក្រមអាជ្ញាកណ្ដាលគុនខ្មែរ ដែលទទួលការបណ្ដុះបណ្ដាលពីច្បាប់ទម្លាប់នៃការប្រកួតMas Fightត្រូវបានផ្លាស់ប្ដូរទៅបំពេញការងារផ្សេងៗទៅតាមគោលការណ៍ថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលនាំឱ្យមានការពិបាកក្នុងការរៀបចំ Mas Fight ។ ទោះបីជាយ៉ាងណា លោកទទួលស្គាល់ថា ការនាំយកកម្មវិធីMas Fightមករៀបចំនៅសង្វៀនថោនតាំងពីឆ្នាំ២០១៩រហូតមកដល់ពេលនេះ គឺបណ្ដុះបណ្ដាលកីឡាករល្អៗបានជាច្រើននាក់៕

