រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯករបស់ខ្លួនរយៈពេល២ថ្ងៃពីថ្ងៃទី១៧-១៨ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាញ់កាំភ្លើងរាជសីហ៍ ។ ឯកឧត្តមសុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងឱកាសនោះថ្លែងថា ការប្រកួតធ្វើឡើងដើម្បីឱ្យអត្តពលិកដកស្រង់បទពិសោធន៍បច្ចេកទេស និងពង្រឹងសមត្ថភាពបន្ថែមត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥នៅប្រទេសថៃ។
ឯកឧត្តមសុខ ពុទ្ធីវុធ បានបន្តថា ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ គឺដើម្បីពង្រឹងការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីឱ្យបានខ្លាំងក្លាទៅលើផ្នែកបច្ចេកទេសនៃការតម្រង់បាញ់ឱ្យចំគោលដៅ សម្រាប់ត្រៀមចូលរួមដណ្ដើមមេដាយនៅក្នុងព្រឹត្តិការណ៍នានា ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃដែលនឹងត្រូវធ្វើឡើងអំឡុងខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តមបញ្ជាក់ថា កីឡាបាញ់កាំភ្លើងគឺជាកីឡាចំណាស់មួយដែលមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់តាំងពីឆ្នាំ១៨៩៦មកម្លេ៉ះ។ បច្ចុប្បន្ន សហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ (International Shooting Sport Federation)មានសមាជិករហូតដល់ទៅ១៤៩ប្រទេស។ ដូច្នេះសម្រាប់ការ្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃលើកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះបានប្រមូលផ្ដុំទៅដោយកីឡាករខ្លាំងៗមកប្រកួត។ ហេតុដូចនេះ យើងត្រូវតែជំរុញការហាត់ហ្វឹកហ្វឺនរបស់អត្តពលិកជម្រើសជាតិឱ្យកាន់តែខ្លាំង ដើម្បីស្វែងរកធនធានល្អៗឈានទៅប្រកួតដណ្ដើមមេដាយពីការប្រកួតលើឆាកអន្តរជាតិនានាទៅថ្ងៃអនាគត ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលដ៏ឆាប់ខាងមុខនេះ។
កីឡាករ ហោ មុន្នីរតនៈ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ លើវិញ្ញាសាបាញ់ប្រតិកម្ម Production Optic (4 Stages)បានសម្ដែងនូវការរីករាយយ៉ាងខ្លាំងចំពោះការកើនចំនួនអ្នកចូលរួមប្រកួតឆ្នាំនេះ ។ ម្ចាស់មេដាយមាសរូបនេះបានបន្តថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ពិតជាសំខាន់ ព្រោះបានប្រមូលផ្ដុំទៅដោយកីឡាករខ្លាំងមកប្រកួត។
ការឈ្នះបានចំណាត់ថ្នាក់លេខ១នេះ សបញ្ជាក់ពីសមត្ថភាពរបស់យើង និងជំរុញឱ្យយើងកាន់តែមានការខិតខំប្រឹងប្រែង ដើម្បីឈានទៅដណ្ដើមជ័យជម្នះលើឆាកអន្តរជាតិ ៕




