រាជធានីភ្នំពេញ ៖ បន្ទាប់ពីដាក់ឱសានវាទ រយៈពេល១៥ថ្ងៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារគណៈកម្មការចម្រុះ បានចុះទៅហ៊ុមព័ទ្ធអគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការចុះហ៊ុមព័ទ្ធនេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ៧មករា ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសហការដឹកនាំកម្លាំងចម្រុះ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យអាគារសំណង់អតីតអគារសំណង់សណ្ឋាគារអង្គរមានជ័យ ដែលមានសភាពចាស់ទ្រុឌទ្រោម បើមិនឆាប់ការពារអាចគ្រោះថ្នាក់យថាហេតុណាមួយ ដល់អ្នកដែលរស់នៅក្បែរអគារ និងអ្នកដំណើរ ។
លោកបន្តថា ក្នុងជំនួបពិភាក្សាជាមួយគ្រួសារពលរដ្ឋ ដែលសេសសល់ចំនួន ៤គ្រួសារ នៅអតីតអគារអង្គរមានជ័យ បានឯកភាពទៅលើការហ៊ុមពទ្ធ័អគារទាំងមូល តាមសេចក្តីជូនដំណឹងរបស់ក្រសួងកំណត់ តែសុំពេលចរចា បន្តលើតម្លៃ។ ក្នុងចំណោមគ្រួសារពលរដ្ឋ ចំនួន៤គ្រួសារ ដែលនៅសេសសល់ មានពលរដ្ឋ ៣គ្រួសារ សុខចិត្តឱនភាពលើតម្លៃ ដែលបានដាក់ជូនក្រុមការងារកន្លងមក តែមន្ត្រីបញ្ជាក់ថា តម្លៃនៅតែខ្ពស់ ខណៈមួយគ្រួសារ (ហាងវែនតា) សុខចិត្តអភិវឌ្ឍនៅនឹងកន្លែង ។
លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឲ្យដឹងថា ការងារនេះក្រុមជំនាញ បានចំណាយពេលជិត ១ឆ្នាំមកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួល ជូនពលរដ្ឋ ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអតីតអគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលនៅសល់ចំនួន ៤គ្រួសារ ត្រូវបញ្ឈប់ការរស់នៅ និងដាក់ឱសានវាទ ឲ្យចាកចេញ ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ទីតាំងអគារនេះ ស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕




















