ប្រទេសថៃ ៖ អ្នកប្រដាល់កីឡាឃីកប៊ុកស៊ីងកម្ពុជាចំនួន៥រូបដណ្ដើមបានមេដាយ៥គ្រឿងពីការប្រកួតក្នុងព្រឹត្តិការណ៍ISKA Kickboxing Thailand Open 2025នៅប្រទេសថៃ ដែលបានធ្វើឡើងពីថ្ងៃទី១៨-២២ខែឧសភា ឆ្នាំ២០២៥ ។ មេដាយចំនួន៥គ្រឿង ដែលអ្នកប្រដាល់ឃីកប៊ុកសុីងកម្ពុជាដណ្ដើមបានមានមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់ចំនួន៣គ្រឿង។
យោងតាមការឱ្យដឹងពីក្លិបCambodia Top Team ថា មេដាយមាសចំនួន២គ្រឿងដណ្ដើមបានដោយកីឡាករ ផេង សុបញ្ញា និងកីឡាករ ជៀ ពៅ ។ ចំណែកមេដាយប្រាក់ចំនួន៣គ្រឿងដណ្ដើមបានដោយកីឡាករស៊ា វិច្ឆិកា កីឡាករឃួន ចាន់ពិសិដ្ឋ និងកីឡាការិនីគន្ធ វណ្ណនីតា។ តាមការឱ្យដឹងបន្ថែម ក្រុមប្រតិភូកីឡាករ-កីឡាការិនីនិងគ្រូបង្វឹកកម្ពុជាអាចនឹងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញបេសកកម្មទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អស់រយៈពេល៥ថ្ងៃនៅប្រទេសថៃ។
ទាំងនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់អត្តពលិកកម្ពុជាដើម្បីជាតិមាតុភូមិ ។ ជ័យជម្នះនេះក៏បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចូលរួមសម្ដែងការអបអរសាទរយ៉ាងខ្លាំងផងដែរ៕



