ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្ក្រាបករណីឃាតកម្មគិតទុកជាមុន០១ករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពស.ម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ស សន អាយុ៦៧ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ រួមទាំងដកហូតវត្ថុតាងរួមមាន ខ្សែកលោហៈធាតុពណ៌លឿងចំនួន០៦ខ្សែ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន០៤ខ្សែ បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន០៨បន្តោង ចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន០៤វង់ ក្រវិលលោហៈធាតុពណ៌លឿងចំនួន០៤គូ ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន) លុយដុល្លារចំនួន ១៨០០ដុល្លារ លុយខ្មែរចំនួន១,៤៦២,៦០០រៀល ទូរសព្ទដៃចំនួន០២គ្រឿង កាបូបដៃចំនួន០១ មានកាតធនាគារ ABAចំនួន ០១សន្លឹក ប័ណ្ណបើកបរចំនួន០២សន្លឹក កាតគ្រីម៉ូតូចំនួន០១សន្លឹក និងម៉ូតូ១គ្រឿងឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ ១I:៤១២៥ (ដំឡើងតែមស៊េរីឆ្នាំ២០២២)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី៕

