ចក្រភពអង់គ្លេស ៖ លោក David Beckham អតីតកីឡាបាល់ទាត់ដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស ព្រមទាំងភរិយារបស់លោកគឺអ្នកស្រី Victoria Beckham បានជាប់ឈ្មោះក្នុងចំណោមគ្រួសារមានទ្រព្យសម្បត្តិបំផុតនៅចក្រភពអង់គ្លេស ខណៈដែលទ្រព្យសុទ្ធប្តីប្រពន្ធដ៏ល្បីល្បាញមួយគូនេះ ត្រូវបានប៉ាន់ប្រមាណថាមានសរុបដល់ ៥០០លានផោន ឬស្មើនឹង ៦៧១លានដុល្លារអាមេរិក។
បញ្ជីដែលចងក្រងដោយកាសែត Sunday Times ដ៏ល្បីរបស់ចក្រភពអង់គ្លេស ត្រូវបានបោះពុម្ពផ្សាយកាលពីសប្តាហ៍មុន ដោយអំពីបង្ហាញបុគ្គល និងគ្រួសារដ៏មានបំផុតចំនួន ៣៥០នាក់ នៅចក្រភពអង់គ្លេស។ លោក David Beckham និងភរិយាបានជាប់នៅក្នុងចំណាត់ថ្នាក់ទី ២៧៣ ដោយកើនឡើង២៤ចំណាត់ថ្នាក់ បើធៀបទៅនឹងឆ្នាំមុន ខណៈប្តីប្រពន្ធមួយគូនេះ បានបង្ហាញវត្តមានលើកដំបូងនៅក្នុងបញ្ជីមួយនេះ កាលពីឆ្នាំ២០០២ ដោយគ្រានោះ ពួកគេមានទ្រព្យសម្បត្តិត្រឹមតែ៣៥លានផោន ឬស្មើនឹង ៤៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោក David Beckham វ័យ៥០ឆ្នាំ អតីតខ្សែបម្រើដ៏ឆ្នើមក្រុមតោកំណាចអង់គ្លេស និងក្រុម Manchester United, Real Madrid, LA Galaxy, AC Milan និង PSG បានបន្តបង្កើនប្រាក់ចំណូលដ៏សំខាន់របស់ខ្លួន តាមរយៈការបណ្តាក់ទុនអាជីវកម្ម ព្រមទាំងលើកិច្ចព្រមព្រៀងដៃសហការផ្សេងៗជាច្រើន បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់។
លោកបានក្លាយជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោល្បីលំដាប់ពិភពលោកជាច្រើនដូចជា Adidas, Hugo Boss, Haig Club, Armani និង Maserati ក៏ដូចជាម៉ាកយីហោផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាសហម្ចាស់ក្លិបបាល់ទាត់ Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក ដែលមានកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi កំពុងប្រកបអាជីពនៅទីនោះ។ ដោយសារតែប្រាក់ចំណូលហូរចូលដូចទឹកនេះហើយ ទើបបានជាឥឡូវនេះ Beckham គឺជាអត្តពលិកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Daily Mail ។
ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រួសារត្រកូល Beckham ក៏បានរួមចំណែកដ៏សំខាន់ពីសំណាក់អ្នកស្រី Victoria ផងដែរ តាមរយៈអាជីពម៉ូដដ៏កំពុងរីកចម្រើនរបស់អ្នកស្រី។ ម៉ាកយីហោដ៏ល្បីរបស់អ្នកស្រីនៅតែបន្តបោះជំហានទៅមុខ និងរីកចម្រើនជាបន្តបន្ទាប់ ដោយសារតែមួយផ្នែកទទួលបានការគាំទ្រពីតារាល្បីៗជាច្រើនដូចជា Eva Longoria, Kim Kardashian និង Gwyneth Paltrow ជាដើម។ ជាមួយទ្រព្យសម្បត្តិចំនួន៦៧១លានដុល្លារអាមេរិកឈរនៅពីក្រោយស្តេច Charles III ដែលត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៦៤០លានផោន ឬ ៨៦០លានដុល្លារនោះ Beckhams កំពុងតែស្ថិតក្នុងចំណោមក្រុមអភិជននៃគ្រួសារអ្នកមានជនជាតិអង់គ្លេស។
តួលេខគួរឱ្យកត់សម្គាល់ផ្សេងទៀតក្នុងបញ្ជីឆ្នាំនេះ រួមមាន Sir Elton John អ្នកនិពន្ធ Andrew Lloyd Webber និង Sir Lewis Hamilton អ្នកបើកបររថយន្ត F1។ ក្នុងបញ្ជីអាយុក្រោម៤០ឆ្នាំ តារាចម្រៀងប៉ុប Dua Lipa គឺជាបុគ្គលក្មេងបំផុតមានវត្តមានក្នុងបញ្ជីឆ្នាំនេះ។ តារាចម្រៀងស្រីរូបស្រស់វ័យ២៩ឆ្នាំរូបនេះ ជាប់ចំណាត់ថ្នាក់ទី៣៤ ដោយមានទ្រព្យសម្បត្តិប្រមាណ ១១៥លានផោន ឬ ១៥៤លានដុល្លារ។ ក្នុងតារាងបុគ្គលអាយុក្រោម៤០ឆ្នាំដដែលនេះផងដែរ តារាចម្រៀងលោក Ed Sheeran អាយុ៣៤ឆ្នាំ ឈរចំណាត់ថ្នាក់ទី១៣ ជាមួយទ្រព្យសម្បត្តិចំនួន ៣៧០លានផោន ឬ ៤៩៦លានដុល្លារ៕ (ដកស្រង់ ៖ VnExpress)





