ប្រជាពលរដ្ឋ​រស់នៅ​​ប្រជុំជនស្រុក​ពេ​ជ្រា​ដា ​សារ​ទរ​ជា​ខ្លាំង ​ក្រោយ​ទទួល​បាន​​ផ្លូវ​បេតុងថ្មី មួយ​ខ្សែ

ប្រជាពលរដ្ឋ​រស់នៅ​​ប្រជុំជនស្រុក​ពេ​ជ្រា​ដា ​សារ​ទរ​ជា​ខ្លាំង ​ក្រោយ​ទទួល​បាន​​ផ្លូវ​បេតុងថ្មី មួយ​ខ្សែ


ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ប្រជុំជន​ស្រុក​ពេ​ជ្រា​ដា បាន​សារ​ទរ​ជា​ខ្លាំង ​ក្រោយ​ទទួល​បាន​ស​មិ​ទ្ធ​ផល​ថ្មី គឺ​ផ្លូវ​បេតុង​ដ៏​រឹង​មាំ​មួយ​ខ្សែ​ ត​ភ្ជាប់​ពី​ទីរួមស្រុក​ ឆ្ពោះទៅ​រមណីយដ្ឋាន​ភ្នំ​ណាំ​លៀ និង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ពួក​គាត់​រំពឹង​ថា និង​ជួយ​ដល់​ការ​រីក​ចម្រើន​ទាំង​ផ្នែក​ជីវភាព​គ្រួសារ និង​មូលដ្ឋាន​របស់​ខ្លួន ​។



អាជីវករ​លក់ដូរ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ អ្នកស្រី ធឿ​ន វ​ណ្ណេ​ត រស់នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដែល​ផ្ទះ​នៅ​ស្រប​តាម​ផ្លូវ​កំពុង​សាងសង់​ថ្មី បាន​ឲ្យ​ដឹង​ថា កន្លង​មក​ផ្លូវ​នេះ ​គឺ​លំបាក​ខ្លាំង​ណាស់ ពេល​រដូវប្រាំង​ហុយ​ស្ទើរ​ដកដង្ហើម​មិន​រួច ចំណែក​ពេល​រដូវភ្លៀង​វិញ ​គឺ​រអិល​ជាង​ខ្លាញ់​ទៅ​ទៀត មូលហេតុ​ទាំងនេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ ​។


មិន​ខុស​គ្នា​ពី​ស្ត្រី​អាជីវករ​លក់ដូរ​ខាងលើ លោក សុខ ណែ​ត ជា​គ្រូពេទ្យ​មាន​លំនៅ​ឋាន​តាម​ដងផ្លូវ​នេះ​ដែរ បាន​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​ ដែល​អ្នក​ភូមិ​ជួប​ប្រទះ គ្រា​ដែល​ផ្លូវ​មិន​ទាន់​ទទួល​បានការ​សាងសង់​ថ្មី ។​ តែ​លោកគ្រូ​ពេទ្យ​ និង​អ្នក​ភូមិ​ដទៃ​ទៀត​ពិតជា សប្បាយចិត្ត​ពន់ពេក ដោយសារ​អាជ្ញាធរ​បាន​សម្រេច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ដ៏​ល្អ​ស្អាត និង​រឹង​មាំ ថែម​ទាំង​មាន​ទំហំ​ធំ​ទូលាយ​ជាង​ផ្លូវ​ចាស់ ​។

លោក វ​ណ្ណា ម៉ា​ប់ អភិបាលស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ស្រុក​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង ​ដែល​មាន​ប្រវែង ១ ៣០៩​ម៉ែត្រ ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា (​ផែនការ​ឆ្នាំ​២០២៣​មាន​ប្រវែង ២៣៧​ម៉ែត្រ ផែនការ​ឆ្នាំ​២០២៤​ មាន​ប្រវែង ៥៣០​ម៉ែត្រ ផែនការ​ឆ្នាំ​២០២៥ មាន​ប្រវែង ៥៤២​ម៉ែត្រ) ដើម្បី​ជួយ​សម្រួលការ​ដឹក​ជ​ញ្ជួ​ន​កសិផល​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ពិសេស​អាច​ជួយ​ទាក់ទាញ ដោយ​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចេញចូល​ទៅ​លេង​កម្សាន្ត តាម​តំបន់​ទេសចរ​ណា៍​នានា​ក្នុងស្រុក​ពេ​ជ្រា​ដា និង​តំបន់​ព្រំដែន​ជាំ​ដើម​ ។




លោក​អភិបាលស្រុក​បាន​បន្ត​ថា កាល​មុន​មិន​ទាន់​ធ្វើការ​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ គឺ​មាន​ភាព​លំបាក​ខ្លាំង ដោយ​ក្នុង​រដូវវស្សា​មាន​ភាព​រអិល ឯ​រដូវប្រាំង​វិញ​ គឺ​ហុយ​ខ្លាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ពេល​នេះ​រដ្ឋបាល​ស្រុក​បាន​លើក​ជា​ផែនការ​វិនិយោគ បាន​ធ្វើ​ជា​ផ្លូវ​បេតុង​តែ​ម្តង ដែល​មាន​កម្រាស់​មួយ​តឹក​កន្លះ និង​មាន​ទំហំ​៧​ម៉ែត្រ ​សម្រាប់​ផ្លូវ​តូច ហើយ​នៅ​តំបន់​ទីប្រជុំជន បាន​ពង្រីក​ដល់​ទៅ​១០​ម៉ែត្រ កន្លែង​ខ្លះ​ដល់​ទៅ​២០​ម៉ែត្រ​ ។

លោក​អភិបាលស្រុក បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​រស់នៅ​តាម​ដងផ្លូវ​នេះ សូម​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល ​ដែល​បាន​សាងសង់​រួច ជា​ពិសេស​សូមកុំ​ឱ្យ​មានការ​បំពាន ឬ​ការ​ប្រើប្រាស់​លើ​ចំណី​ផ្លូវ និង​រក្សា​ឱ្យ​បាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា​ ។

លោក វ​ណ្ណា ម៉ា​ប់ ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សូម​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ណាំ​លៀ​ឱ្យ​បាន​ច្រើន​កុះករ ព្រោះ​ពេល​នេះ​ផ្លូវ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​មួយ​នេះ មាន​ភាពល្អ​ប្រសើរ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles