រាជធានីភ្នំពេញ ៖ អនុគណៈកម្មការវិន័យនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក និន ភិរម្យ ប្រធានអនុគណៈកម្មការវិន័យ ក្នុងការដាក់ពិន័យលោកអាជ្ញាកណ្ដាលឡុង វិបុល ដែលបានប្រព្រឹត្តកំហុសបច្ចេកទេសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ក្នុងកម្មវិធីប្រកួតMas Fight នៅកោះពេជ្រនៃស្ថានីយទូរទស្សន៍ថោន។
យោងតាមស្មារតីអង្គប្រជុំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ត្រូវពិន័យលោកអាជ្ញាកណ្ដាលឡុង វិបុល មិនឱ្យចូលរួមដឹកនាំការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរចំនួន៤សប្ដាហ៍គិតចាប់គិតពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ ពីបទប្រព្រឹត្តកំហុសបច្ចេកទេសជាអាជ្ញាកណ្ដាលកាត់សេចក្ដី អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កីឡាករ។
គួររំលឹកផងដែរថា លោកអាជ្ញាកណ្ដាលឡុងវិបុល ដែលទទួលរងនូវការពិន័យពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយសារតែភាពយឺតយ៉ាវរបស់លោកក្នុងការឃាត់កីឡាករកម្ពុជាណាំ ឈៀវ ដែលបានចាប់ក្លេរឹតកអ្នកប្រដាល់មីយ៉ានម៉ា Joe Phyu ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងទៅលើការប្រកួតMas Fightនៅលើសង្វៀនថោន កាលពីយប់ថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ ។ អ្នកទស្សនាភាគច្រើនមិនពេញចិត្តសោះឡើយចំពោះសកម្មភាពយឺតយ៉ាវរបស់អាជ្ញាកណ្ដាលឡុង វិបុល និងបានទទូចឱ្យសង្វៀនមួយនេះកែតម្រូវឡើងវិញ ចៀសវាងប៉ះពាល់ដល់អាយុជីវិតរបស់កីឡាករ។
ទាំងអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រមីយ៉ាន់ម៉ាដែលបានមើលការប្រកួតតាមរយៈការផ្សាយផ្ទាល់ បានរិះគន់យ៉ាងខ្លាំងទៅលើលោកអាជ្ញាកណ្ដាលឡុង វិបុល ថាខ្វះបទពិសោធន៍មកធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីការប្រកួតMas Fight ។ ភាពយឺតយ៉ាវរបស់លោកអាជ្ញាកណ្ដាលឡុង វិបុល ក្នុងការចាប់ឃាត់កីឡាករណាំ ឈៀវ ដែលបានចាប់ក្រៀកនិងរឹតកកីឡាករ Joe Phyu ពីក្រោយស្ទើរតែស្លាប់ និងការមិនបានស្ទុះយកដៃទៅត្រកងទប់កីឡាករមីយ៉ាន់ម៉ាដែលកំពុងបាត់បង់ស្មារតីធ្វើឱ្យដួលបោកក្បាលលើកម្រាលសង្វៀនទាំងជំហរ បាននិងកំពុងក្លាយជាប្រធានបទក្ដៅផ្ទុះការរិះគន់ដូច
ព្យុះ ។
សូម្បីលោក Oliver Coste ជាអាជ្ញាកណ្ដាលប្រចាំសង្វៀនOne Championshipក៏បញ្ចេញប្រតិកម្មទៅលើបញ្ហានេះដែរ ។ លោកបានសរសេរសារបង្ហោះថា «គុនខ្មែរនៅក្នុងការប្រកួតគុនចម្រុះ(MMA)មិនត្រឹមត្រូវឡើយ។ខ្ញុំគិតថា ពួកគេចង់បញ្ចូលនូវច្បាប់ប្រកួតយុទ្ធគុនចម្រុះ ប៉ុន្តែអាជ្ញាកណ្ដាលគ្មានចំណេះដឹងទៅលើជំនាញនៃការប្រកួតMMAឡើយ។ សង្ឃឹមថារឿងនេះមិនកើតឡើងម្ដងទៀតចុះ»។
ទន្ទឹមគ្នានេះដែរផេកកីឡាដ៏ល្បីឈ្មោះមួយរបស់មីយ៉ាន់ម៉ាANSដែលមានអ្នកចូលមើលច្រើនជាង២០ម៉ឺននាក់ បានបង្ហោះសារសំដៅទៅលើលោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយពួកគេស្នើឱ្យមានវិធានការចំពោះលោកអាជ្ញាកណ្ដាលឡុង វិបុល។ ANS បានសំណូមពរថា សុំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរដកលោក ឡុង វិបុល ចេញពីតួនាទីអាជ្ញាកណ្ដាលគុនខ្មែរទៅធ្វើការងារផ្សេងជំនួសវិញ ៕
