ខេត្តមណ្ឌលគិរី ៖ ក្នុងរដូវកាលបៃតងដែលកំពុងអន្ទងអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិដែលស្រឡាញ់ចូលចិត្តធម្មជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបង្កើនទំនាក់ទំនងឲ្យបានស្អិតរមួត ជាមួយអ្នកធ្វើការលើវិស័យផ្សព្វផ្សាយ ឬអ្នកបង្កើតមាតិការនានា ដែលផលិតវីដេអូ រូបភាព ទាក់ទងនិងសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកខេត្តមណ្ឌលគិរី គឺជាអណ្តូងរ៉ែមាសបៃតង ដ្បិតខេត្តនេះ សម្បូរពោពេញទៅដោយទេសភាពធម្មជាតិយ៉ាងសម្បូរបែប ជាពិសេស គឺអាកាធាតុខុសពីបណ្តារខេត្តដទៃ ពោលគឺត្រជាក់ស្ទើរពេញមួយឆ្នាំតែម្តងទោះស្ថិត ក្នុងរដូវប្រាំងក៏សីតុណ្ហភាពមិនក្តៅខ្លាំងទេ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា វិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយក៏ជាសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ ដោយសារខេត្តមណ្ឌលគិរី មានលក្ខណៈពិសេសខុសពីបណ្តាខេត្តដទៃ ពោលគឺមានអាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាតស្ទើគ្រប់រដូវកាល ហើយមានរមណីដ្ឋានធម្មជាតិយ៉ាងច្រើន ដែលជាភាពអំណោយផលល្អដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា សម្តេចបវរធិបតីបានគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការរដូវកាលបៃតង ឬ Green seaon ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់ចលនាទូទាំងប្រទេសក្នុងការជម្រុញភាពទាក់ទាញពីទេសចរណ៍ទូទាំងពិភពលោក។ ក្រៅពីបង្កើនយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ធម្មជាតិដែលមានស្រាប់ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញទេសចរណ៍ និងអាជ្ញាធរត្រូវបង្កើតព្រឹត្តិការណ៏កម្សាន្តនានា ដូចជាផ្សាររាត្រី ឬអាចចងក្រងជាមជ្ឈមណ្ឌលកាហ្វេជាដើម ព្រោះមណ្ឌលគិរីមានសក្តានុពលលើដំណាំកាហ្វេស្រាប់ ។

ជាមួយគ្នានេះដើម្បីបង្កើនប្រសិទ្ធភាពនិងទទួលបានការគាំទ្រពីមហាជន ជាពិសេស អាចទាក់ទាញភ្ញៀវទេសចរបរទេសចូលទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ទីរបានរៀបចំ ស្លាកសញ្ញាបង្ហាញនៅទីតាំង តំបន់រមណីយដ្ឋាននានាក្នុងខេត្ត ជូនភ្ញៀវទេសចរឆ្នាំ២០២៤ បានចំនួន២៥ ស្លាក និងបន្តលើកនៅឆ្នាំ ២០២៥នេះចំនួន២០ស្លាកថែមទៀត ដើម្បីមានភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

លោកប្រធានមន្ទីរបន្តថា មន្ទីរមានផែនការលើកស្លាកបង្ហាញតំបន់រមណីយដ្ឋាននានាឲ្យបានគ្រប់តំបន់រមណីយដ្ឋានក្នុងខេត្តហើយក្នុងយុទ្ធនាការបៃតង Green Season នេះ មន្ទីរសូមសំណូមពរដល់អាជីវករ ដែលផ្តល់សេវាកម្មលើវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្ត មេត្តាចុះតម្លៃគ្រប់សេវា ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្តមណ្ឌលគិរីយើងកាន់តែច្រើនថែមទៀតនារដូវការលបែតង Green Season ។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ ស្ថិតិភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តខេត្តមណ្ឌលគិរី សរុបចំនួន១៦៦.១៧៣នាក់ ក្នុងនោះទេសចរជាតិចំនួន១៦២.៦៨៩នាក់ ទេសចរបរទេសចំនួន៣.៤៨៤នាក់ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២៤ សរុបចំនួន៩៤.៤១៨នាក់ ក្នុងនោះទេសចរជាតិចំនួនៈ៩២.៩២០នាក់ ទេសចរបរទេសចំនួនៈ១.៤៩៨នាក់ សរុបរួមមានការកើនឡើង៧៥,៩៩% ក្នុងនោះទេសចរជាតិកើនឡើង៧៥,០៨% ទេសចរបរទេសកើនឡើង១៣២,៥៧% ៕















