ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកមួយដែលមានសភាពទ្រុឌទ្រោមទៅហើយនោះ ថែមទាំងមានដែកមួយសន្លឹកហើបឡើងលើ ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើដំណើរឆ្លងកាត់ ពិសេសនៅពេលយប់។
ប្រជាពលរដ្ឋរស់នៅក្បែរស្ពានតាគ្រាំង ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថាស្ពានដែកមួយនេះមានសភាពទ្រុឌទ្រោមទៅហើយ រាល់ពេលដែលមានរថយន្តធុនធំ ធុនតូច ឬគោយន្ត ម៉ូតូបើកបរឆ្លងកាត់តែងតែលឺសម្លេងរំខានដល់ពួកគាត់រស់នៅក្បែរនោះខ្លាំងណាស់។ អ្វីដែលធ្វើឱ្យគាត់ជាពលរដ្ឋព្រួយបារម្ភនោះ គឺមានដែកមួយសន្លឹកដែលគេយកទៅដាក់នៅក្បាលស្ពានខាងកើត ឡើងហើបផុតពីដែកកល់ស្ពាន ជាបញ្ហាមួយប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសអ្នកបើកបរក្នុងល្បឿនលឿន និងបើកបរនៅពេលយប់ ដោយតំបន់នេះមិនមានភ្លើងបំភ្លឺផ្លូវឡើយ។ បញ្ហានេះសូមអាជ្ញាធរឃុំតាសាល និងអាជ្ញាធរស្រុកឱរ៉ាល់ និងមន្ទីរជំនាញសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មេត្តាចុះពិនិត្យនិងជួយសម្រួលមើលដែកដែលហើបលើស្ពានដែក តាគ្រាំងនេះផង។
លោក រឿង រ៉េត អាយុប្រហែល៤០ឆ្នាំ ជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពាននេះ លើកឡើងថា គួរតែអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះពិនិត្យ និងជួយមើលស្ពានដែកនេះផង ពីព្រោះថាដែកមួយសន្លឹកហើបឡើង ជាបញ្ហាគ្រោះថ្នាក់មួយ នៅពេលដែលអ្នកដំណើរបើកបរបុក ឬក៏ជ្រុលជាន់រលាស់ដែកអាចគ្រោះថ្នាក់។ ជាពិសេសគឺអ្នកបើកបរនៅពេលយប់តែម្តងប្រឈមខ្លាំងណាស់។
ក្នុងនាមលោកជាអ្នកធ្វើដំណើរមួយរូបសូមសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធនានា ចុះពិនិត្យនិងជួយជួសជុលស្ពានដែកមួយនេះផង បើបណ្តែតបណ្តោយទុកបែបនេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់អាចបង្កគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានតាគ្រាំង(ស្ពានដែកមួយទ្រុឌទ្រោម) ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឹ ដែលមានដែកហើបឡើង អាចប្រឈមគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ជីញ គួង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺដែលទើបឡើងកាន់ដំណែងថ្មីៗ ថាមានគម្រោងក្នុងការជួសជុលឬយ៉ាងណា? លោកបានឆ្លើយតបវិញថា លោកមិនទាន់ក្តោបការងារនេះជុំទេ ណាមួយជាប់ប្រជុំផង៕










