នាយក​រដ្ឋមន្ត្រី​ប្រកាស​បើកផ្លូវ​ជ្រើសរើស​អ្នក ជំនាញ​ចូល​ធ្វើ​ការងារ​រដ្ឋ​ហើយ​

នាយក​រដ្ឋមន្ត្រី​ប្រកាស​បើកផ្លូវ​ជ្រើសរើស​អ្នក ជំនាញ​ចូល​ធ្វើ​ការងារ​រដ្ឋ​ហើយ​


នាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​ហើយ ​ដើម្បី​បើកផ្លូវ​ដល់​ការ​ជ្រើសរើស​អ្នកជំនាញ​នានា​មក​ធ្វើការ​ងា​រដ្ឋ​តាម​របៀបការ​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ ។​



​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី ២១ ខែឧសភា ឆ្នាំ​២០២៥ គឺជា​ឯកសារ​គតិ​យុ​ត្ត​មួយ​ដែល​នឹង​បើក​សិទ្ធិ​ឲ្យ​ស្ថាប័នរដ្ឋ​នានា អាច​ធ្វើការ​ជ្រើសរើស​មន្ត្រី​តាម​កិច្ចព្រមព្រៀង​ការងារ ។​


​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ជ្រើសរើស​និង​ការ​គ្រប់គ្រង​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​បាន​សង្កត់ ធ្ងន់​ថា គឺសម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​អង្គភាព​សុខាភិបាល​មូលដ្ឋាន​។​ ​តាម​ខ្លឹមសារ​ដែល​បញ្ជាក់​នៅ​ក្នុង​អនុក្រឹត្យ​នោះ គឺ​លើក​ឡើង​ថា គ្រឹះស្ថានសិក្សា​សាធារណៈ​ដែល​ត្រូវការ​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​នេះ​គឺ រួម​មាន សម្រាប់​បម្រើ​ការ​នៅ​តាម​សា​លាម​ត្តេ​យ្យ​សិក្សា សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ និងវិទ្យាល័យ​។

ដោយឡែក​ សម្រាប់​អង្គភាព​សុខាភិបាល​មូលដ្ឋាន ​គឺរួម​មានអ្នកជំនាញ​ដែល​នឹង​ត្រូវ​បម្រើ​ការ​នៅ​តាមប៉ុស្តិ៍សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​នានា​នៅ​ក្នុង ប្រទេស​ដែល​នៅ​ពេល​នេះ​នៅ​ខ្វះ​អ្នកជំនាញ​វេជ្ជសាស្ត្រ ។​




​រីឯ​ការ​ជ្រើសរើស​ និង​ការ​គ្រប់គ្រង​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ផ្សេង​ទៀត ត្រូវ​អនុវត្ត​ផ្អែក​លើ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​តាម​ការ​ស្នើ​របស់​ក្រសួង​មុខងារសា​ធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​អនុក្រឹត្យ​ដែល​មាន​ទាំងអស់​១២​ទំព័រ ៧​ជំពូក ៤៧​មាត្រា គឺ​បាន​និយាយ​បញ្ជាក់​អំពី​យន្តការ​គាំទ្រ​ការ​អនុវត្ត និង​ការ​តាមដាន​ត្រួតពិនិត្យ​និង​ការ​វាយតម្លៃ​, ការ​គ្រប់គ្រង​មន្ត្រី​, លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​មន្ត្រី​, មុខ​តំណែង​របស់​មន្ត្រី និង បទបញ្ញត្តិ​ទូទៅ ។​

​អនុក្រឹត្យ​នោះ​ក៏​បាន​និយាយ​លំអិត​អំពី​ការ​រៀបចំ​ផែនការ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​, បែបបទ​នីតិវិធី​និង​ប្រតិទិន​នៃ​ការ​ជ្រើសរើស​, កិច្ចព្រមព្រៀង​ការងារ​, រយៈពេល​នៃ​កិច្ចព្រមព្រៀង​ការងារ​, ការ​បញ្ចប់​កិច្ចព្រមព្រៀង​ការងារ​,​ការ​វាយតម្លៃ​សមិទ្ធកម្ម​ការងារ​របស់​មន្ត្រី​ទាំងនោះ​, កំហុស​ ​និង​ទណ្ឌកម្ម​ខាង​វិន័យ​, ការ​ឈប់​សម្រាក​និង​ការ​គ្រប់គ្រង​វត្តមាន​, សិទ្ធិ កាតព្វកិច្ច និង សីលធម៌​វិជ្ជាជីវៈ​, ការ​អភិ​វ​ឌ្ឈ​ន៍​សមត្ថភាព​, វិវាទ​កិច្ចព្រមព្រៀង​ការងារ​និង​យន្តការ​ដោះស្រាយ​, ការ​ចូល​និវត្តន៍ និង របប​សន្តិសុខ​សង្គម​របស់​មន្ត្រី​ទាំងនោះ …​។​ល​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​បៀវត្ស​និង​អត្ថប្រយោជន៍​របស់​មន្ត្រី​កិច្ចព្រមព្រៀង​ការងារ ដែល​ជា​ចំណុច​ចង់​ដឹង​ពី​សាធារណៈជន អនុក្រឹត្យ​នេះ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ។ អនុក្រឹត្យ​នេះ​បញ្ជាក់​ត្រឹមតែ​ថា ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​មុខងារសាធារណៈ និង ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រសួង​សាមី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles