(ខេត្តព្រះវិហារ)៖ នៅរសៀលងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយ ពីក្នុងរណ្តៅជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ នៃប្រាសាទព្រះវិហារ។
មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ ២០២៥។ ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ ១ម៉ែត្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចំពោះចម្លាក់តោមួយនេះ បានលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ៕
ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ