កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នាទីស្តីការក្រសួង បរិស្ថាន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ ជាផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅមុខរួមគ្នា សំដៅអនាគតដែលមានភាពបៃតងជាងមុន ធន់នឹង ការប្រែប្រួលអាកាសធាតុ សម្រេចនូវព្យាក្រឹតភាពកាបូន និងដែលមាននិរន្តរភាពសម្រាប់ប្រទេសជាតិរបស់យើង។

ឯកឧត្តម បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំ ប្រទេសកម្ពុជា ឆ្ពោះទៅរក អនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបានបង្កើតមូលដ្ឋានគ្រឹះ ដើម្បីជាគំរូនៃការ អភិវឌ្ឍឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹងបទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់យើង»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា «ក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវៈចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌ នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋយើង ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព ដោយផ្តោតសំខាន់ ចំពោះសន្តិសុខថាមពល ការរៀបចំប្រព័ន្ធគ្រប់គ្រង សំណល់ប្រកបដោយ ប្រសិទ្ធភាព ការកសាងប្រព័ន្ធបន្ស៊ាំរឹងមាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែល ផ្តោតលើសសរស្តម្ភទាំងបី សំដៅលើកកម្ពស់កិត្យានុភាព របស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាត ជាងមុន បៃតងជាងមុន និងចូលរួមសម្រេចគោលដៅ ដែលជាសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០»។

ឯកឧត្តម បាន អំពាវនាវដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ទាំងអស់ យកផែនការយុទ្ធសាស្ត្រដែលជាផែនទីបង្ហាញផ្លូវ យកទៅរៀបចំជាផែនការសកម្មភាពទៅតាមវិស័យ ដែលខ្លួន ទទួលខុសត្រូវ និងចូលរួមអនុវត្តឱ្យបានជោគជ័យតាមមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចឱ្យបាន នូវអព្យាក្រឹតកាបូនឆ្នាំ ២០៥០ រួមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ជាមួយនឹងការលើកកម្ពស់ កិត្យានុភាពកម្ពុជា តាមរយៈការបង្ហាញពីភាពជាអ្នកដឹកនាំសកម្មភាពអាកាសធាតុរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កម្ពុជាបានទទួលស្គាល់ថាការប្រែប្រួលអាកាសធាតុ គឺជាការ គំរាមកំហែង និងជាវិបត្តិដ៏ធំបំផុតមួយក្នុងសម័យកាលនេះ ដែលបណ្តាលឱ្យមានផលប៉ះពាល់មកលើសុខុមាលភាព និងសុខភាពនៃភពផែនដី។ ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះជាខ្លាំងដោយការប្រែប្រួលអាកាសធាតុ, កំណើនសីតុណ្ហភាព និងរលកកម្តៅ បានធ្វើឱ្យប៉ះពាល់ និងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម ជលផល និងព្រៃឈើ និងផលិតភាពការងារនៅលើគ្រប់ វិស័យ។ មិនតែប៉ុណ្ណោះកំណើននៃការខូចខាតបណ្តាលពីព្រឹត្តិការណ៍នេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដែលប៉ះពាល់ដល់ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ទោះជាយ៉ាងនេះក្តី កម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពពហុភាគីលើការដោះស្រាយ ការប្រែប្រួល អាកាសធាតុ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles