អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានយល់ព្រមទទួលយកកាដូយន្តហោះ Boeing 747 របស់ប្រទេសកាតាសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។ គួរកត់សម្គាល់ថា ប្រទេសកាតាបានប្រកាសផ្តល់កាដូជាយន្តហោះដ៏ទំនើបមួយគ្រឿងនេះនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងតំបន់មជ្ឈិមបូព៌ាកាលពីសប្តាហ៍កន្លងទៅនេះ។
ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំនាញអាមេរិកនឹងការត្រួតពិនិត្យយន្តហោះ Boeing 747 នេះយ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យប្រាកដថា វាពិតជាមានសុវត្ថិគ្រប់គ្រាន់សម្រាប់ឱ្យលោក ដូណាល់ ត្រាំ អាចប្រើប្រាស់វាបានដូចជាយន្តហោះ Air Force One ដែរ ពោលជាយន្តហោះផ្លូវការសម្រាប់ប្រើប្រាស់ដោយប្រធានាធិបតីអាមេរិក។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា យើងគ្មានហេតុផលត្រូវបដិសេធមិនទទួលយកកាដូដែលជារបស់មិនអស់ការចំណាយនេះទេ ដ្បិតថាដើម្បីអាចទិញយន្តហោះប្រភេទនេះមួយគ្រឿងបាន គឺរដ្ឋាភិបាលអាមេរិកត្រូវចំណាយលុយរាប់ពាន់លានដុល្លារដែលទទួលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋអាមេរិកជាច្រើនលាននាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia