អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ

អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ

(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទនិងរមណីយដ្ឋាន (ICOMOS) អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រោមការគាំទ្រដោយជំនួយឧបត្ថម្ភអន្តរជាតិ ២០២៤/២០២៥ របស់អនុសញ្ញាបេតិកភណ្ឌពិភពលោក។ទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។

នៅក្នុងបេសកកម្មនេះផងដែរ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងអំពីបេតិកភណ្ឌពិភពលោក និងការប្រែប្រួលអាកាសធាតុ ដោយអង្គការយូណេស្កូ និងទីប្រឹក្សាគម្រោង ដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសិស្សានុសិស្សសរុប ៥៥នាក់៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

administrator

Related Articles