វៀតណាមបញ្ជាឱ្យបិទកម្មវីធី Telegram ព្រោះបណ្តាញសង្គមមួយនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មានខុសច្បាប់

វៀតណាមបញ្ជាឱ្យបិទកម្មវីធី Telegram ព្រោះបណ្តាញសង្គមមួយនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មានខុសច្បាប់

វៀតណាម៖ ក្រសួងបច្ចេកវិទ្យាវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ទាំងអស់ត្រូវបិទកម្មវិធី Telegram លែងឱ្យដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Chanel News Asia នៅក្នុងថ្ងៃទី២៣ ខែឧសភា។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុន Telegram មិនបានសហការជាមួយអាជ្ញាធរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗ ដែលបង្កឡើងដោយអ្នកប្រើប្រាស់ Telegram នោះទេ។

យោងតាមរបាយការណ៍មួយរបស់នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតវៀតណាមបានបង្ហាញថា នៅក្នុងប្រទេសវៀតណាមទាំងមូលមាន Channel ឬ Group បណ្តាញសង្គម​ Telegram ចំនួន ៩,៦០០​ ហើយ ៦៨% នៃ Channel ឬ Group ទាំងនោះគឺជាបណ្តាញចែកចាយព័ត៌មានខុសច្បាប់ដូចជា ការចែកចាយគ្រឿងញៀន សកម្មភាពបោកប្រាស់ ការចែកចាយរូបភាពនិងវីដេអូអាសអាភាស ផ្តល់សេវាកម្មផ្លូវភេទ និងសកម្មភាពជាប់ទាក់ទងនឹងការធ្វើភេរវកម្មជាដើម។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា បើមិនចាត់វិធានការចំពោះក្រុមហ៊ុន Telegram នោះទេ គឺព័ត៌មានខុសច្បាប់ទាំងអស់នេះនឹងបន្តចែកចាយកាន់តែទូលំទូលាយឡើងពីមួយថ្ងៃទៅមួយថ្ងៃ​ ហើយបញ្ហាធំៗនៅក្នុងសង្គមនឹងបន្តកើតមានជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Chanel News Asia

administrator

Related Articles