ទីក្រុងវ៉ាស៊ីនតោន៖ ដំណើរការចរចាគ្នារវាងអាមេរិក និងអឺរ៉ុបនៅតែបន្តដើម្បីដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែដោយសារចរចាគ្នាមិនសូវរីកចម្រើនទៅមុខ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គម គំរាមថានឹងដំឡើងពន្ធអឺរ៉ុប៥០%។ ត្រាំសូមបញ្ជាក់ឱ្យបានច្បាស់ថាការដំឡើងពន្ធនៅក្នុងកម្រិតនេះនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមិថុនាតទៅ។ ត្រាំថាសហភាពអឺរ៉ុបហាក់ដូចជាពិបាកនិយាយគ្នាជាបំផុត។ ចរចាគ្នាចុះឡើងៗជាច្រើនខែហើយហាក់ដូចជាមិនអាចចេញជាសាច់ការទាល់តែសោះ។
ត្រាំថ្លែងដូចខាងលើនេះមិនដល់៣០នាទីទេបន្ទាប់ពីលោកគំរាមដំឡើងពន្ធចាប់ពី២៥%ឡើងទៅទៅលើផលិតផលិតម៉ាកអាយហ្វូនរបស់ក្រុមអេផល (Apple) បើពួកគេមិនព្រមរុះរើរោងចក្ររបស់ខ្លួនទៅប្រទេសអាមេរិកវិញទេ។ ក្រោយការប្រកាសនេះ តម្លៃភាគហ៊ុនរបស់អាមេរិកចាប់ផ្ដើមដាំក្បាលចុះមួយរំពេច។ នេះជានយោបាយបត់បែនដ៏ស្មុគស្មាញ និងពិបាកយល់បំផុតរបស់ត្រាំ។ កាលពីមុននេះ លោកកោតសរសើរមិនដាច់ពីមាត់ចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនដែលនាំទៅដល់ការព្យួរទុក៩០ថ្ងៃនូវអត្រាដំឡើងពន្ធបដិការលើគ្នាទៅវិញទៅមក។
ម៉្យាងទៀត ត្រាំក៏កោតសរសើរផងដែរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងអាមេរិក។ មុនដំបូង ស្ថានការណ៍ជួញ-ដូរនៅទីផ្សារមូលប័ត្រចាប់ផ្ដើមមានសម្ទុះឡើងវិញនៅពេលមានសញ្ញាល្អ។ លោកត្រាំមានជំនឿថាសំណើរបស់សហភាពអឺរ៉ុបមិនមានគុណភាពល្អគ្រប់គ្រាន់ទេបើប្រៀបធៀបជាមួយដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិកដទៃទៀត។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោកស្កុត បឺសឹន (Scott Bessent)។
គិតទៅ, ចាប់ពីថ្ងៃនេះទៅទល់នឹងថ្ងៃអនុវត្តដំឡើងពន្ធ៥០%នោះ អឺរ៉ុបនៅសល់ពេល៩ថ្ងៃទៀតដែរ។ សួរថាតើអឺរ៉ុបអាចនឹងចរចាទាន់ពេលវេលាដែរឬទេដើម្បីកុំឱ្យជាប់ពន្ធ៥០%? លោកបឺសឹនសង្ឃឹមថាការប្រកាសរបស់ត្រាំនឹងធ្វើឱ្យអឺរ៉ុបអង្គុយមិនស្រណុកខ្លួននោះឡើយ។ លោកត្រាំចោទប្រកាន់ជាយូរមកហើយថាអឺរ៉ុបរកស៊ីដើរខ្សែលើលើអាមេរិក។ គាត់ប្រកាសដំឡើងពន្ធអឺរ៉ុប២០%កាលពីថ្ងៃទី២ ខែមេសា។ ប៉ុន្តែក្រោយមកព្យួរទុករយៈពេល៩០ថ្ងៃដើម្បីទុកពេលចរចាគ្នា។ ឥឡូវនេះ ចរចាជាច្រើនខែហើយនៅតែមិនត្រូវគ្នា ត្រាំប្រហែលជាត្រូវដំឡើងពន្ធមែនទែនហើយ៕