(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងខេត្តជាំងស៊ូ ប្រទេសចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម XU Kunlin អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ (Jiangsu) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជំនួបនេះក៏បានសិក្សាផងដែរអំពីលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការជួយជំរុញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឱ្យកាន់តែទូលំទូលាយ ស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នានៅឆ្នាំ២០២៥ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន។
ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានលើកឡើងគឺ ការរៀបចំព្រឹត្តិការណ៍ “Cambodia Festival” នៅខេត្តជាំងស៊ូ ដែលមានគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ។ លើសពីនេះ ខេត្តជាំងស៊ូ ក៏នឹងជួយទាក់ទាញវិនិយោគិនក្នុងខេត្តឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលជាប្រទេសពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ ក៏ដូចជាការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ភាគីទាំងពីរក៏នឹងសហការរៀបចំ FAM Trip (Familiarization Trip) ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនា និងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា នាពេលអនាគត៕
ប្រភព៖ ក្រសួងព័ត៌មាន