(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC)បានលើកសរសើរពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថា គឺជាមេដឹកនាំដ៏ឆ្នើមមួយរូបដែលមាន ការទទួលស្គាល់ទាំងនៅកម្ពុជា និងក្នុងពិភពលោក។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និង ឯកឧត្តម ឯក ណាត ដាកាល់ នាថ្ងៃទី ២៣ ខែឧសភា ថា ឯកឧត្តម ឯក ណាត បានគូសរំលេចសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោកន្លងមក ជាពិសេសសម្តេចបានគាំទ្រដំណើររបស់ISCជាបន្តបន្ទាប់។ “ឯកឧត្តមបានសរសើរចំពោះមុខសម្តេចតេជោថា សម្តេចតេជោគឺជាមេដឹកនាំដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា និងតំបន់រួមទាំងពិភពលោកទាំងមូល គឺភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់សម្តេច”។
ទន្ទឹមនឹងនេះ ឯកឧត្តម ឯក ណាត ក៏បានស្នើសុំការគាំទ្រពីសម្តេចតេជោឲ្យជួយជ្រោមជ្រែងដល់ ISC ដើម្បីក្លាយទៅជាសមាជិកអង្កេតការណ៍របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា អាយប៉ា នាពេលខាងមុខ ។
ចំពោះសំណើនេះ ជាការឆ្លើយតប សម្តេចតេជោបានបង្ហាញការពេញចិត្តក្នុងការគាំទ្រដល់សកម្មភាពនានារបស់ ISC ហើយសម្តេចក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃទៅដល់ដំណើរការរបស់ ISC ផងដែរ ។ ជាមួយនឹងការកោតសរសើរពីវីរភាពរបស់សម្តេចតេជោឥស្សរជនឆ្នើម និងជាមេដឹកនាំដ៏ប៉ិនប្រសប់ក្នុងពិភពលោក ហើយបានដឹកនាំនាវាកម្ពុជាឲ្យមានភាពល្បីរន្ទឺនៅទូទាំងសកលលោកផងដែរនោះ ឯកឧត្តម ឯក ណាត ដាកាល់ ក៏បានទទួលអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចដើម្បីធ្វើយ៉ាងណាឱ្យ ISC មានដំណើរការទៅដោយជោគជ័យ ដើម្បីបញ្ជ្រាបខ្លួនចូលជាមួយស្ថាប័នអន្តរជាតិនានាបន្ថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន