យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី២១ ដំបូងបង្អស់នៅកម្ពុជា។
អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើងដោយឈរលើទស្សនទានចំនួន ៣រួមគ្នា គឺអប់រំ វប្បធម៌ និងសាសនា។អគារនេះ មានទម្រង់ ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី។
ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានគូសរំលេចថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី។
បណ្ណាល័យនេះមានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី ជាដើម។
ដើម្បីឆ្លើយតបតាមប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងអប់រំ ក៏បានរៀបចំប្រមូលនិក្ខេបបបទថ្នាក់បណ្ឌិត ដោយរៀបចំជាបណ្ណាសារមួយសម្រាប់តម្កល់និក្ខេបបទបណ្ឌិត សម្រាប់អ្នកស្រាវជ្រាវអាចចូលមើលទាំងឯកសាររឹង និងឯកសារទន់ នៅបណ្ណាល័យសម្តេចព្រះសង្ឃរាជ្យ ជួន ណាត នេះផងដែរ។
សូមជម្រាបថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានផ្ទៃក្រឡាសំណង់ចំនួន ២៧,២៩៨.០៨ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ ។សាងសង់ក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍអាស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន