(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ នៅពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លើប្រភេទថនិកសត្វមួយចំនួន ដែលបង្កការព្រួយបារម្ភអាចឈានទៅដល់ការរាតត្បាតជាសកលសាជាថ្មី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលើសត្វបក្សីព្រៃ និងឆ្លងមកពីសត្វបក្សីស្រុក និងឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺឬស្លាប់។ តែកន្លងមកពេលថ្មីៗនេះ មានការរកឃើញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លើប្រភេទថនិកសត្វមួយចំនួនដូចជា សត្វខ្លា ឆ្មា ឆ្កែ គោ សេះ ជ្រូក។ល។
ចំពោះបញ្ហានេះ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្ភពីការអាចងាយឆ្លងពី ថនិកសត្វមកមនុស្ស និងពីមនុស្សទៅមនុស្ស នឹងឈានទៅរកការរាតត្បាត និងរាតត្បាតសកលជាថ្មី។ តាមការវាយតម្លៃកម្រិតហានិភ័យរបស់អង្គការសុខភាពពិភពលោក (WHO) វាយតំលៃថាមេរោគជំងឺផ្តាសាយបក្សី H5N1 គឺហានិភ័យសុខភាពសាធារណៈជាសកល នាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាប ខណៈពេលដែលហានិភ័យនៃការឆ្លងសម្រាប់អ្នកប៉ះពាល់ផ្ទាល់ការងារមានកម្រិតពីទាបទៅមធ្យម អាស្រ័យទៅលើវិធានការកាត់បន្ថយហានិភ័យ និងលក្ខខណ្ឌការងារ។ ការវាយតម្លៃកត់សម្គាល់ថាការឆ្លងរវាងសត្វនិងសត្វនៅតែបន្ត និងការកើនឡើងនៃការឆ្លងទៅមនុស្សនៅតែមានជាបន្តបន្ទាប់ ប៉ុន្តែផលប៉ះពាល់សុខភាពសាធារណៈជាសកលនៅតែចាត់ទុកថាតិចតួចនិងមានកម្រិតទាបនៅឡើយនៅពេលនេះ៕