រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកឆាយ ហុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងឃាតកវ័យក្មេង៣ នាក់ ពាក់ពន្ធករណីរំលោភសម្លាប់ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ទឹក ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ លើជនសង្ស័យពីបទ. ឃាតកម្ម ដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមការចោទប្រកាន់លើមាត្រា២០៥”បទឃាតកម្មដោយ មានទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោឃៅ ឬរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់ មួយជីវិត” ។ ក្រោយពីបញ្ចប់ការស៊ើបសួរ សំណុំរឿងជនសង្ស័យទាំង៣ នាក់ត្រូវបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការកាត់ ទោសទៅតាមផ្លូវច្បាប់ ។
ឃាតករវ័យក្មេង៣ នាក់នោះមាន ៖
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាអ្នករួមគំនិត ។ ២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជាអ្នករួមគំនិត និង៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សូមជម្រាបថា ករណីឃាតករ៣ នាក់ ដែលបានចាប់រំលោភសេពសន្ថវៈ ហើយរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋម សិក្សាវត្តក្រួស ប្លន់យកខ្សែកនិងទូរស័ព្ទ ត្រូវបានអធិការដ្ឋាននគ របាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួននិងធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ អធិការដ្ឋានខណ្ឌព្រែកព្នៅ សូមធ្វើការបង្ហាញមុខឃាតករចំនួន៣នាក់នៅក្នុងករណីឃាកម្ម ដោយមានទារុណកម្មឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ(យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិជនរង គ្រោះ) ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង២៧ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្ត មហៅវត្តក្រួស ផ្លូវជាតិលេខ៥ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងនគរបាលសហការបង្ក្រា បបានជាបន្តបន្ទាប់ ។
នៅទីបំផុតមិនដល់រយៈពេល១២ម៉ោងផង ឃាតករចាប់រំលោភសេពសន្ថវៈ និងរឹតកសម្លាប់ក្មេងស្រីប្លន់យកទ្រព្យសម្បត្តិនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ នវែកមុខនិងឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ ។ អ្វីមួយដែល នឹកស្មានមិនដល់នោះគឺ ឃាតករដ៏ឃោរឃៅនេះច្រើនជាក្មេងជំទង់ មានអាយុពី១៥ ឆ្នាំទៅ១៨ ឆ្នាំ ។ ឃាតករ៣នាក់ដែលត្រូវ
បានចាប់ខ្លួន ជាយុវជនធ្លាប់ស្គាល់ក្មេងស្រីតាំងពីក្មេងៗ បានក្លាយទៅជាជនដៃដល់រំលោភ និងសម្លាប់ជនរងគ្រោះ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គភាពការពារកុមារ ហៅកាត់ថា CPU បានបំបែកសំណុំរឿងករណីឃាតកម្ម ដោយមានការធ្វើ ទារុណកម្មយ៉ាងឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈបូក បន្ទាប់ពីពួកគេបានយកថ្នាំងងុយដេកលួចដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភបូកបានសម្រេចគ្រប់គ្នា រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ពិសេសខ្សែកដែលនាងពាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង២៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តក្រួស ផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូត ទូរស័ព្ទដៃម៉ាក TECNO SPARK ១គ្រឿង ជារបស់ជនរងគ្រោះ ទូរស័ព្ទដៃម៉ាក អុបប៉ូ១គ្រឿង ខ្សែនីឡុងពណ៌ស១ខ្សែ និងម៉ូតូស៊ុយហ្សុ៊យគីណិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១CL-១១៩០ ។
សូមបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះមានឈ្មោះ វុទ្ធី លីណា អាយុ១៥ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានឃាតករចាប់ រំលោភ និងរឹតកសម្លាប់នឹងខ្សែនីឡុងនៅក្នុងបន្ទប់ទឹក និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខណៈអ្នកគ្រូម្នាក់ចូលបន្ទប់ទឹក ហើយប្រទះឃើញសពក្មេងស្រីដែលអាក្រាតកាយល្វែងក្រោម ។

តាមក្រុមគ្រួសារក្មេងស្រីបានឱ្យដឹងថា នាង វុទ្ធី លីណា បានឈប់រៀន១ឆ្នាំមកហើយដោយសារតែជីវភាពគ្រួសារក្រីក្រ ។ បន្ទាប់ពីឈប់រៀន នាងបានទៅធ្វើការជាអ្នកមើលកូនឱ្យគេ ។ ដោយសារ ឮដំណឹងថា ឪពុកមិនស្រួលខ្លួន នាងក៏មកផ្ទះបានរយៈ៥ ថ្ងៃ ឪពុកបានទិញខ្សែកប្លាទីន១ខ្សែតម្លៃជាង១០០ដុល្លារឱ្យនាងពាក់ ។
តាមក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមា ណ១២យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កូនស្រីបានចេញពី ផ្ទះ តែពុំចាប់អារម្មណ៍ ព្រោះកន្លងមកនាងតែងតែទៅដេកនៅផ្ទះមិត្តភក្កិ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល នៅពេលអ្នកគ្រូម្នាក់ចូលទៅក្នុងបន្ទប់ទឹក ហើយប្រទះឃើញសពនាងនៅទីនោះ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ខ្សែកប្លាទីន និងទូរស័ព្ទ១គ្រឿងក៏បាត់ដែរ ។

តាមព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងជាង១២ អធ្រាត្រ មានមិត្តភក្តិនាងទូរស័ព្ទហៅតាមគ្រុបហ្វេសប៊ុក ហើយឃើញនាងលើក និងនិយាយតបទៅវិញថា ខ្លួននៅផឹកសុីជាមួយមិត្តភក្តិប្រុស២នាក់ ។
មិននឹកស្មានថា មិត្តភក្តិនោះជាឃាតករលួចដាក់ថ្នាំងងុយដេកក្នុងភេសជ្ជៈឱ្យនាងផឹក ហើយចាប់នាងរំលោភរួចរឹតកសម្លាប់បែបនេះឡើយ ។ ពិតជាឈាមស្រែកស្បែកហៅមែន ឃាតករត្រូវឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅវេលារសៀលថ្ងៃដដែល ៕




