រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យជិះម៉ូតូធ្វើដំណើរតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកគៀរបណ្ដាលឲ្យដួលបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ១១យប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មាស សុភ្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដេគ័រ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបានជិះម៉ូតូ ហុងដាឃ្លីក ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខណៈមេឃកំពុងភ្លៀងរលឹម ក៏ស្រាប់តែម៉ូតូក៏បានជ្រុលទៅប៉ះជាមួយនឹងរថយន្តមិនស្គាល់ម៉ាកធ្វើអោយដួលបោកជនរងគ្រោះអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ចំណែកអ្នកបើករថយន្តវិញបានបន្តបើករត់បាត់ស្រមោល ។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងសាច់ញាតិឲ្យមកទទួលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយសមត្ថកិច្ចយកទៅរក្សាទុករង់ចាំប្រគល់អោយសាច់ញាតិវិញ ៕



