SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា

SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ – SIAM KUBOTA Corporations ដឹកនាំដោយលោកស្រី Waraporn Osathapan អគ្គនាយករងជាន់ខ្ពស់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញសេវាបម្រើអតិថិជន និងទំនាក់ទំនងដ៏ស្អិតរមួតជាមួយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស។ ភាពជាដៃគូនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខយ៉ាងមុតមាំនៅក្នុងការប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា ឆ្ពោះទៅរកឧត្តមភាព សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងការរីកចម្រើនរួមគ្នា ដោយផ្តោតលើការលើកកម្ពស់សេវាកម្មដឹកជញ្ជូន ការផ្គត់ផ្គង់ និងទីផ្សារ ដើម្បីផ្តល់នូវគុណប្រយោជន៍កាន់តែច្រើនដល់អតិថិជន តាមរយៈអត្ថប្រយោជន៍បន្ថែម និងការបញ្ចុះតម្លៃពិសេស។

លោកស្រី Waraporn Osathapan មានប្រសាសន៍ថា “SIAM KUBOTA មានគោលបំណងបង្កើនការប្រើប្រាស់កម្មវិធីទូរសព្ទដៃគូបូតា នៅកម្ពុជា ទន្ទឹមនឹងនេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយនាពេលអនាគតផងដែរ។ ក្នុងកិច្ចសហការនេះ យើងបានផ្តោតនិងយកចិត្តទុកដាក់លើការផ្តល់អត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ គូបូតា នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងរួមបញ្ចូលនូវសេវាកម្មជាច្រើន រួមទាំងការផ្តល់ជូនកន្លែងស្នាក់នៅ សេវាមកម្មដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់អតិថិជន ដែលនឹងមាននៅក្នុងកម្មវិធីទូរសព្ទគូបូតា”។

អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនវីរៈប៊ុនថាំ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយគូបូតា ដែលជាក្រុមហ៊ុនឈានមុខគេនិងត្រូវបានការទទួលស្គាល់ទូទាំងពិភពលោក។ កិច្ចសហការនេះ ជាការប្រមូលផ្តុំការរួមបញ្ចូលគ្នានូវស្មារតីអ្នកជំនួញក្នុងស្រុក និងភាពខ្លាំងក្លារបស់គូបូតា ដើម្បីលើកកម្ពស់ផ្នែកដឹកជញ្ជូន ការផ្គត់ផ្គង់ និងសេវាកម្មទីផ្សារឲ្យកាន់តែរីកចម្រើន ដោយបានជំរុញសេវាកម្មការដឹកជញ្ជូន និងបច្ចេកវិទ្យាការតាមដានទំនិញឲ្យកាន់តែងាយស្រួល ស្របជាមួយនឹងអត្ថប្រយោជន៍បន្ថែមដល់អតិថិជន។ យើងខ្ញុំជឿជាក់ថា កិច្ចសហការនេះ នឹងជួយជម្រុញការរីកចម្រើន បង្កើនភាពងាយស្រួល និងផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់ប្រជាកសិករនៅប្រទេសកម្ពុជា”។
 
 ជារួមកិច្ចសហប្រតិបត្ដិការនេះនឹងឆ្ពោះទៅរកការអភិវឌ្ឍសេវាបម្រើអតិថិជន ថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករទូទាំងប្រទេស និងជួយលើកកម្ពស់ភាពរុងរឿងសម្រាប់ប្រទេសកម្ពុជាយើង។

administrator

Related Articles