យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា។
តាមការបញ្ជាក់បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយបានចូលជួប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្តាហ៍នេះ។
លោកអភិបាលក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ចាវ ជានជីន ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។ ការជំរុញអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នេះបានធ្វើឡើង បន្ទាប់ពីនៅពេលថ្មីៗនេះ មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
ឯកឧត្តមឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕
ប្រភព៖ ក្រសួងព័ត៌មាន