ចៅក្រម​ប្រដាល់​៣​រូប​ទទួល​រង​ពិន័.យ ក្រោយ​សហ​ព័ន្ធ​​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដាក់​ពិន្ទុ

ចៅក្រម​ប្រដាល់​៣​រូប​ទទួល​រង​ពិន័.យ ក្រោយ​សហ​ព័ន្ធ​​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដាក់​ពិន្ទុ

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ចៅក្រម​៣​រូប ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច ដាក់​ពិន័យ​មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍ បន្ទាប់​ពី​សហព័ន្ធ​រក​ឃើញ​ថា​ផ្ដល់​ពិន្ទុ​មិនត្រឹមត្រូវ​ដោយ​ដាក់​ពិន្ទុ​ឲ្យ​កីឡាករ ធន់ វ​ណ្ណា ឈ្នះកីឡាករ Martin Sandro មក​ពី​អេ​ស្ប៉ា​ញ ក្នុង​ព្រឹត្តិការណ៍​ទស្សនីយភាព សិល្បៈ វប្បធម៌ និង​គុន​ខ្មែរ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២៥ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័​ត៌មាន​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​។

តាម​រយៈ​វី​ដេ​អូ​នៃ​ការ​ប្រកួត​បង្ហាញ​ឱ្យ​ឃើញថា កីឡាករ​អេ​ស្ប៉ា​ញ Martin Sandro វាយចូល​ច្រើន និង​ធ្ងន់​ៗ​ទៅ​លើ​កីឡាករ​កម្ពុជា ធន់វ​ណ្ណា ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​យល់​ថា ការ​កាត់សេចក្ដី​ឱ្យ​កីឡាករ​កម្ពុជា​ឈ្នះ​គឺ​មិន​ត្រឹមត្រូវ​ក៏​ផ្ទុះ​ប្រតិកម្ម​រិះគន់​ព្រោងព្រាត​ពេញ​បណ្ដាញសង្គម​។


លោក​ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​កោះ​ប្រជុំបន្ទាន់​ជាមួយ​មន្ដ្រី​រៀបចំ​ការ​ប្រកួត មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម ដែល​ដឹកនាំ​ការ​ប្រកួត​នេះ ឲ្យ​ពិនិត្យ​លទ្ធផល​នៃ​ការ​ប្រកួត​ឡើង​វិញ ។ ក្រោយពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ឃើញ​ថា ជ័យជម្នះ​ត្រូវ​បាន​ទៅ​លើ​កីឡាករ​អេ​ស្ប៉ា​ញ Martin Sandro​។

ទោះបី​យ៉ាងណា លទ្ធផល​ជ័យជម្នះ គឺ​មិន​អាច​កែប្រែ​បាន​ទេ មាន​ន័យ​ថា ជ័យជម្នះ​នៅ​តែ​បាន​ទៅ​លើ ធន់ វ​ណ្ណា ។ ប៉ុន្ដែ​មន្ដ្រី​ចៅក្រម​៣​រូប​ដែល​ត្រូវ​បាន​សហព័ន្ធ​រក​ឃើញ​ថា ផ្ដល់​ពិន្ទុ​មិន​ត្រឹមត្រូវ នឹង​ត្រូវ​ជាប់​ពិន័យ​មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍ ។ សហព័ន្ធ​ដាក់​ពិន័យ​មន្ដ្រី​៣​រូប​នេះ​ពី​បទ​ប្រព្រឹត្ដ​ខុស​ទៅ​នឹង​បទបញ្ជា​បច្ចេកទេស គ្រប់គ្រង​ការ​ប្រកួត​។

ការ​ដាក់​ពិន័យ​ចៅក្រម​ទាំង​៣​រូប​មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍​ដោយ​មិនបង្ហាញ​ឈ្មោះ​ចៅក្រម​ទាំងនោះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​រិះគន់​ផង​ដែរ​។ អ្នកខ្លះ​ថា​ការ​ដាក់​ពិន័យ​ហាក់​ស្រាល​ពេក អ្នកខ្លះ​ថា សហព័ន្ធ​គួរតែ​បង្ហាញឈ្មោះ​ចៅក្រម​ដែល​ទទួល​រង​ការ​ពិន័យ​ដើម្បី​ឱ្យមហា​ជន​បាន​ស្គាល់​ផង​ទើប​មានការ​ជឿជាក់​លើ​ចំណាត់ការ​របស់​សហព័ន្ធ​ថា​មាន​តម្លាភាព ។
អ្នកខ្លះ​ទៀត​ថា គួរ​ឱ្យ​មន្ត្រី​ចៅក្រម​ទាំង​៣​រូប​នោះ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ឬ​វគ្គ​បំប៉ន​ឡើង​វិញ​។

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ បាន​ឲ្យ​ដឹង​ថា កន្លងមក សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បើក​វគ្គបំប៉ន​លើ​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល
ដោយ​ផ្ដោត​លើ​ស្តង់ដារ​រួម​នៃ​ការ​កាត់សេចក្ដី ការដាក់​ពិន្ទុ​ត្រូវ​គោរព​គោលការណ៍​តែ​មួយ​ដើម្បី​កាត់​បន្ថយ​នូវ​កំហុសឆ្គង​នានា​នៅ​តាម​សង្វៀន​។ កន្លងទៅ​ដូច​មើលឃើញ​ស្រាប់​ហើយ ការ​ដាក់​ពិន្ទុ​មិន​មាន​គោលការណ៍​តែ​មួយ ស្តង់ដារ​ដូច​គ្នា​ឡើយ ពោល​ចៅក្រម​ខ្លះ​ដាក់​តាម​ការ​យល់​ឃើញ​របស់
ខ្លួន​ទៅ ចៅក្រម​ផ្សេង​ទៀត​ដាក់​តាម​ចិត្ត​របស់​ខ្លួន​ទៅ​វិញ ហេតុនេះ​ហើយ​ទើប​មានការ​មិន​យល់​ស្រប​លើ​ការ​កាត់សេចក្ដី​ជា​ហូរហែ ។

លោក​នឹង​តាមដាន​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​បន្ថែមទៀត និង​បែងចែក​កម្រិត​មន្ត្រី​រូប​ណាខ្លះ​ស្ថិត​ក្នុង​លំដាប់​ផ្សេង​ៗ​គ្នា ។ លោក​សង្ឃឹមថា មន្ត្រីទាំងអស់​នឹង​អនុវត្ត​ការងារ​កាន់តែ​មាន​ប្រសិទ្ធ
ភាព និង​កាត់​បន្ថយ​កំហុសឆ្គង​នៅ​តាម​សង្វៀន​នានា​។

ទោះបី​សហព័ន្ធ​មិន​ប្រាប់​អត្តសញ្ញាណ​មន្ត្រីចៅក្រម​ដែល​ទទួល​ការ​ពិន័យ ក៏​ប្រភព​ព័ត៌មានបាន​ទម្លាយ​ប្រាប់​កោះសន្តិភាព​ក្នុង​លក្ខខណ្ឌ​សុំមិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា មន្ត្រី​ចៅក្រម​ដែល​ផ្ដល់​ពិន្ទុ​ឱ្យ​បង្គោល​ក្រហម​ធន់ វ​ណ្ណា ឈ្នះ គឺ​ទី​១​ឈ្មោះឡុ​ង សំ​អឿ​ន ទី​២​ឈ្មោះ​សួង សុវណ្ណ​ថានិង​ទី​៣​ឈ្មោះ​ពៅ ប៊ុ​ណ្ណា ។

អ្នក​ទាំង​៣​នាក់ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពិន័យ​មិន​ឱ្យចូលរួម​ដឹកនាំ​ការ​ប្រកួត​ដែល​រៀបចំ​ដោយសហព័ន្ធ​រយៈពេល​៣​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​តទៅ ពី​បទ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​បទបញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួតកីឡាប្រដាល់​គុន​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles