អ្នកចង់ធ្វើការរដ្ឋ សូមត្រៀមខ្លួនព្រោះអនុក្រឹត្យបើកផ្លូវហើយ

អ្នកចង់ធ្វើការរដ្ឋ សូមត្រៀមខ្លួនព្រោះអនុក្រឹត្យបើកផ្លូវហើយ

អនុក្រឹត្យ​ដែល​បើក​សោរ​អោយ​អ្នកជំនាញ​អាច​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ​បាន​ចេញ​ជា​ផ្លូវការ​ហើយ ។ ដូច្នេះ​អ្នកជំនាញ​អាច​នឹង​ពិនិត្យ​បេក្ខភាព ហើយ​ត្រៀមខ្លួន ដើម្បី​ចូលរួម​បម្រើ​ជាតិ ប្រសិនបើ​ចង់ គ្រាន់តែ​ថា ជំហាន​ដំបូង​ប្រហែលជា​ពាក់ព័ន្ធ​នឹង​អ្នកជំនាញ​ខាង​អប់រំ​និង​សុខភាព​ជា​មុន​សិន ។

ការ​ដែល​អះអាង​បែប​នេះ គឺ​ដោយ​សម្អាង​ទៅ​លើ​អនុក្រឹត្យ​មួយ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ។ អនុក្រឹត្យ​នោះ គឺ​ឯកសារ​គតិ​យុ​ត្ត​មួយ​ដែល​នឹង​បើក​សិទ្ធិ​ឲ្យ​ស្ថាប័នរដ្ឋ​នានា​អាច​ធ្វើការ​ជ្រើសរើស​មន្ត្រី​តាម​កិច្ចព្រមព្រៀង​ការងារ ។

តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ជ្រើសរើស និង​ការ​គ្រប់គ្រង​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​បាន​សង្កត់ធ្ងន់​ថា គឺ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​អង្គភាព​សុខាភិបាល​មូលដ្ឋាន ។
តាម​ខ្លឹមសារ​ដែល​បញ្ជាក់​នៅ​ក្នុង​អនុក្រឹត្យ​នោះ គឺ​លើក​ឡើង​ថា គ្រឹះស្ថានសិក្សា​សាធារណៈ​ដែល​ត្រូវការ​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​នេះ គឺ​រួម​មាន​សម្រាប់​បម្រើ​ការ​នៅ​តាម​សា​លាម​ត្តេ​យ្យ​សិក្សា សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ ។

ដោយឡែក សម្រាប់​អង្គភាព​សុខាភិបាល​មូលដ្ឋាន គឺ​រួម​មាន​អ្នកជំនាញ​ដែល​នឹង​ត្រូវ​បម្រើ​ការ​នៅ​តាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​នានា​នៅ​ក្នុង ប្រទេស​ដែល​នៅ​ពេល​នេះ​នៅ​ខ្វះ​អ្នកជំនាញ​វេជ្ជសាស្ត្រ ។

រីឯ​ការ​ជ្រើសរើស និង​ការ​គ្រប់គ្រង​មន្ត្រី​ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ផ្សេង​ទៀត​ត្រូវ​អនុវត្ត​ផ្អែក​លើ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​តាម​ការ​ស្នើ​របស់​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

អនុក្រឹត្យ​ដែល​មាន​ទាំងអស់​១២ ទំព័រ ៧​ជំពូក ៤៧​មាត្រា គឺ​បាន​និយាយ​បញ្ជាក់​អំពី​យន្តការ​គាំទ្រ​ការ​អនុវត្ត និង​ការ​តាមដាន​ត្រួតពិនិត្យ និង​ការ​វា​.​យ​តម្លៃ​,​ការ​គ្រប់គ្រង​មន្ត្រី​, លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​មន្ត្រី​, មុខ​តំណែង​របស់​មន្ត្រី និង​បទបញ្ញត្តិ​ទូទៅ ។

អនុក្រឹត្យ​នោះ ក៏​បាន​និយាយ​លំអិត​អំពី​ការ​រៀបចំ​ផែនការ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​, បែបបទ​នីតិវិធី និង​ប្រតិទិន​នៃ​ការ​ជ្រើសរើស​, កិច្ចព្រមព្រៀង​ការងារ​, រយៈពេល​នៃ​កិច្ចព្រមព្រៀង​ការងារ​, ការ​បញ្ចប់​កិច្ចព្រមព្រៀង​ការងារ​,​ការ​វាយតម្លៃ​សមិទ្ធកម្ម​ការងារ​របស់​មន្ត្រី​ទាំងនោះ​, កំហុស​និង​ទណ្ឌកម្ម​ខាង​វិន័យ​, ការ​ឈប់​សម្រាក​និង​ការ​គ្រប់គ្រង​វត្តមាន​, សិទ្ធិ កាតព្វកិច្ច និង សីលធម៌​វិជ្ជាជីវៈ​, ការ​អភិ​វ​ឌ្ឈ​ន៍​សមត្ថភាព​, វិវាទ​កិច្ចព្រមព្រៀង​ការងារ និង​យន្តការ​ដោះស្រាយ​, ការ​ចូល​និវត្តន៍ និង​របប​សន្តិសុខ​សង្គម​របស់​មន្ត្រី​ទាំងនោះ …​។​ល​។

ដោយឡែក ពាក់ព័ន្ធ​នឹង​បៀវត្ស និង​អត្ថប្រយោជន៍​របស់​មន្ត្រី​កិច្ចព្រមព្រៀង​ការងារ​ដែល​ជា​ចំណុច​ចង់​ដឹង​ពី​សាធារណៈជន​អនុក្រឹត្យ​នេះ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ។ អនុក្រឹត្យ​នេះ បញ្ជាក់​ត្រឹមតែ​ថា ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រសួង​សាមី ។

លើ​បញ្ហា​នេះ អនុក្រឹត្យ គឺ​និយាយ​អំពី​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ដូច​ជា មន្ត្រី​ក្របខ័ណ្ឌ ដែល​រួម​មាន​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ក្នុង​អង្គភាព​ក៏​ដូច​ជា ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ។ ក្រៅពី​នោះ ពួក​គេ​ក៏​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូច​ជា ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ប័ណ្ណសរសើរ គ្រឿង​ឥស្សរិយយស និង​ការ​លើកទឹកចិត្ត​ដោយ​អនុលោម​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នេះ​ប្រហែលជា​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចេញ​នៅ​ពេល​ខាង​មុខ ហើយ​ប្រាក់បៀវត្សរ៍​នេះ​វា​អាច​នឹង​ខុស​គ្នា​ទៅ​តាម​កម្រិត​ជំនាញ និង​សមត្ថភាព​ក៏​ដូច​ជា តម្រូវការ​ផ្សេង​ៗ​របស់​សាមី​អង្គភាព​ក៏​ដូច​ជា ភាព​ចាំបាច់ ។

ជា​ការ​ពិត​អ្នកខ្លះ​ដែល​គេ​មានចំណេះ​ជំនាញ​ពិតប្រាកដ ហើយ​ជា​ធនធានមនុស្ស​កម្រ​គេ​មិន​អាច​មក​ជាមួយនឹង​ប្រាក់បៀវត្សរ៍​កម្រិត​ធម្មតា​ឡើយ ។ ដូច្នេះ​វា​អាច​មានការ​ចរចា​ជាមួយនឹង​ស្ថាប័ន​សាមី​ទើប​បានជា​អ​ក្រឹត្យ​នោះ​ទុក​ចន្លោះ​ប្រហោង​បែប​នេះ ។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ សម្តេច​ធិ​បតី ធ្លាប់​បាន​និយាយ​រួច​មក​ហើយ​ថា រាជរដ្ឋាភិបាល គឺ​មាន​បំណង​ចង់អូ​សទាញ​អ្នកមាន​សមត្ថភាព​ពិតប្រាកដ ពី​ឯកជន​មក​ជួយ​បម្រើ​ការងារ​ចាំបាច់​មួយ​ចំនួន​នៅ​ក្នុង​ស្ថាប័ន ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ។ រដ្ឋ​ពិតជា​ត្រូវការ​ធនធានមនុស្ស​ដែល​មានចំណេះ​ជំនាញ និង​ឯកទេស​ច្បាស់លាស់​ឲ្យ​មក​រួម​គ្នា​ជួយ​អភិវឌ្ឍន៍​សង្គម​បន្ថែម​ទៀត ។

សម្តេច​ធិ​បតី​ក៏​ធ្លាប់​បាន​លើក​ឡើង នៅ​តាម​វេទិកាសាធារណៈ​ជា​បន្តបន្ទាប់ ដោយ​ចំហ​រថា អ្នក​ដែល​មាន​ជំនាញ និង​សមត្ថភាព ដែល​អាច​បម្រើ​ការងារ​រាជការ​បាន ទោះជា​មាន​មាន​អាយុ​លើស​កំណត់​ឲ្យ​តែ​មាន​ជំនាញ​តាម​តម្រូវការ គឺ​ក៏​អាច​នឹង​ទទួល​ការងារ​ទាំងនោះ​បាន​ដែរ ។

សរុប​ទៅ អ្នក​ដែល​ចាប់អារម្មណ៍​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ សូម​ត្រៀមខ្លួន ។ ឱកាស​នឹង​មាននៅ​ពេល​ខាង​មុខ​នេះ ។ នៅ​ពេល​ដែល​អនុក្រឹត្យ​នេះ​ចេញ​បែប​នេះ​មិនយូរ​ទេ ក្រសួង​មុខងារសាធារណៈ​ក៏​ដូច​ជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​បណ្តា​សាមី​ស្ថាប័ន​នានា នឹង​ចេញ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles