កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​មន្ត្រី​បី​នាក់​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត​នាវា​ពិ.ឃា.ត

កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​មន្ត្រី​បី​នាក់​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត​នាវា​ពិ.ឃា.ត

ទីក្រុង​ព្យុង​យ៉ាង៖ កូរ៉េ​ខាង​ជើង​​​ចាប់​ឃុំខ្លួន​មន្ត្រី​​បី​នាក់​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាក់​មុខ​បាក់​មាត់​នៅ​ថ្ងៃ​បើក​សម្ពោធ​នាវា​ពិឃាត​ដ៏​ទំនើប​ទម្ងន់​៥​ពាន់​តោន​។ នេះ​បើ​យោង​តាម​កា​រផ្សាយ​របស់​ទូរ​ទស្សន៍កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA)។ ​មនុស្ស​​ទាំង​បី​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ខូច​ខាត​នាវា​​។ នៅ​ក្នុង​ចំណោម​នោះ​មាន​ទី​១​-​ប្រធាន​ក្រុម​វិស្វករ​ផ្នែក​សាង​សង់​នាវា​ ទី២-​ប្រធាន​ផ្នែក​សាង​សង់​តួ​នាវា​ ​និង​ទី​៣-​អនុ​ប្រធាន​គ្រប់​គ្រង​កិច្ច​ការ​ទូទៅ​នៅ​ក្នុង​ដំណើរ​ការ​សាង​សង់​នាវា​។​

នៅ​ថ្ងៃ​បើក​សម្ពោធ​នោះ​ ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន បាន​អញ្ជើញ​ទៅ​បើក​កម្ម​វិធី​ដោយ​ផ្ទាល់​។ លោក​ថ្លែង​ថា​ឧបទ្ទ​វ​ហេតុ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្យានុ​ភាព​ជាតិ​សម្បើម​ណាស់​។ លោក​សច្ចា​ថា​ត្រូវ​តែ​ដាក់​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ឱ្យ​បាន​ចាស់​ដៃ​បន្តិច​ទើប​បាន​។ លោក​គីម​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ដ៏​ខ្ជី​ខ្ជា​ដែល​មិន​អាច​អត់​ឱន​ជា​ដាច់​ខាត​។​

លោក​បាន​​បញ្ជា​​​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​តែ​ប្រញាប់​ជួស​ជុល​នាវា​​ឱ្យ​បាន​រួច​រាល់​មុន​មហា​សន្និ​បាត​បក្ស​ពល​ករ​កូរ៉េ​នៅ​ខែ​មិថុ​នា​​​​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​បើកសម្ពោធ​នាវា​នេះ កូរ៉េ​ខាង​ជើង​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិ​យស​ទៅ​ចូល​រួមច្រើន​ណាស់​ព្រោះ​ជា​ការ​ព្យាយាម​បង្ហាញ​ពី​ស្នា​ដៃ​របស់​ប្រទេស​ជាតិ​របស់​លោក​។​ ប៉ុន្តែ​នាវា​នោះ​មាន​ស្នាម​ធ្លុះ​ធ្លាយ​នៅ​ផ្នែក​ខាង​ក្រោម​ដល់​ថ្នាក់​លិច​ទឹក​ចូល​ពេញ​ហ្នឹង​។ លោក​គីម​យល់​ថា​នេះ​ជា​ការ​បំបាក់​មុខ​មាត់​របស់​លោក​យ៉ាង​ខ្លាំង​។​ នេះ​បើ​យោង​តាម​ការ​ប្រមើ​ល​មើល​របស់​អ្នក​វិភាគ​។​

​រូប​ភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា​នាវា​ចម្បាំង​នេះ​គ្រប​ដណ្ដប់​ដោយ​ក្រណាត់​ ឬ​កៅស៊ូ​ពណ៌​ខៀវ​។ ប៉ុន្តែ​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​អះ​អាង​ថា​គ្មាន​ស្នាម​ធ្លុះ​ធ្លាយ​ ឬ​ប្រហោង​នៅ​បាត​នាវា​ទេ​។ គ្រាន់​តែ​មាន​ស្នាម​ឆ្កូត និង​កំពិត​បន្តិច​បន្តួច​​។ ដូច្នេះ​ប្រើ​​​ពេល​តែ​ប៉ុន្មានថ្ងៃ​អាច​ជួស​ជុល​ស្អាត​ដូច​ដើម​វិញ​។ ផ្អែកទៅ​លើ​ទំហំរបស់​វា​ យោធា​កូរ៉េ​ខាង​ត្បូង​វាយ​តម្លៃ​ថា​នាវា​​នេះ​ស្ថិត​នៅក្នុង​លំដាប់​នាវា​ពិឃាត​ទម្ងន់​៥​ពាន់​តោន​ដូច​នាវា​ឆូ​យុន (Choe Hyon) ដែល​កូរ៉េ​ខាង​ជើង​ទើប​តែ​បើក​សម្ពោធ​កាល​ពី​ខែ​មេសា​។

យោធា​កូរ៉េ​ខាង​ត្បូង​​យល់​ថា​​នាវា​ឆូ​យុន​អាច​ផលិត​ចេញ​ជា​រូប​រាង​ដោយ​​សារ​មាន​ជំនួយ​ពី​​​រុស្ស៊ី​។ ​​អាច​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​កង​​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​ច្បាំង​នៅ​តំបន់​ខឺស​ រុស្ស៊ី​ក៏​តប​ស្នង​ត្រឡប់​មក​វិញ​នូវ​ជំនួយ​ផ្នែក​បច្ចេក​​​វិទ្យា​ដើម្បី​សាង​សង់​នាវា​។ កូរ៉េ​ខាង​ជើង​អះ​អាង​ថា​នាវា​នេះ​បំពាក់​អាវុធ​ដ៏​មាន​អានុ​ភាព​ខ្លាំង​ក្លា​បំផុត​ ហើយ​ត្រៀម​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​​​ដើម​ឆ្នាំ​២០២៦​។

នាវា​ដែល​មាន​បញ្ហា​ខូច​ខាត​នៅ​ថ្ងៃ​​បើក​សម្ពោធ​នោះ​ក៏​អាច​នឹង​ផលិត​ឡើង​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេក​វិទ្យា​ពី​រុស្ស៊ី​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ប្រមើល​មើល​របស់​អ្នក​វិភាគ​។ នៅ​ពេល​ដែល​អាមេរិក​កំពុង​កសាង​កម្លាំង​យោធា​នៅ​ក្នុង​តំបន់​ យោធា​កូរ៉េ​ខាង​ជើង​នឹង​ចាត់​វិធាន​ការ​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​គ្រប់​ទម្រង់​ទាំង​អស់​​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles