រឿង​ពិត​នៃ​ជីវិត​៖ តើ​ប្រាក់ខែ​៣០០​ដុល្លារ ត្រូវ​រៀបចំ​ជីវិត​របៀប​ណា​ ដើម្បី​អនាគត​ល្អ?

រឿង​ពិត​នៃ​ជីវិត​៖ តើ​ប្រាក់ខែ​៣០០​ដុល្លារ ត្រូវ​រៀបចំ​ជីវិត​របៀប​ណា​ ដើម្បី​អនាគត​ល្អ?

«​រៀប​ការ​ហើយ ​បើ​ចង់​សល់​លុយ​នោះ ដាច់ខាត​គួរតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើ​ផែនការ​គ្រួសារ ដោយ​កំណត់​គោលដៅ​ឲ្យ​ច្បាស់លាស់​ទៅ​តាម​លទ្ធភាព​ និង​សមត្ថភាព​នៃ​ចំណូល​និង​ចំណាយ​របស់​អ្នក​ទាំង​ពីរ​ដែល​បាន​កំណត់» ។

នេះ​គឺជា​អំណះអំណាង​របស់​បុរស​ជា​មេ​គ្រួសារ​តូច​មួយ​ ដែល​មាន​អាយុ​៤៧​ឆ្នាំ ហើយ​បាន​រៀប​ការ​កសាង​គ្រួសារ​អស់​រយៈពេល​១៨​ឆ្នាំ​ម្នាក់ ។ ជាមួយនឹង​ប្រាក់ខែ​ខ្លួនឯង​ត្រឹមតែ​៣០០​ដុល្លារ ហើយ​ភរិយា​មាន​ត្រឹមតែ២៥០ដុល្លារ លោកសុភា​រម្យ បាន​ចែករំលែក​ថា ឥឡូវ​គាត់​អាច​មានផ្ទះ​សមរម្យ​មួយ​ស្នាក់​នៅ មាន​រថយន្ត​ដែល​អាច​ចូល​ចំណោម​គេ​ចុះ​មួយ​គ្រឿង ហើយ​ក៏​អាច​មាន​លុយ​សល់​នៅ​ក្នុង​ធនាគារ​ខ្លះ​ផង​ដែរ ។


រីឯ​កូន​ៗ​ដែល​មាន​២រូប ក៏​អាច​នឹង​សិក្សានៅ​សាលា​ឯកជន​មួយ​ ដែល​មាន​តម្លៃ​សិក្សា​ប្រចាំឆ្នាំ​មួយ​សមរម្យ​មិនជា​ថ្លៃ​ពេក​ ហើយ​ក៏​មិនជា​ថោក​ពេក​។ បុរស​ម្នាក់​នោះ​បាន​ចែករំលែក​ថា ធាតុ​ផ្សំ​សំខាន់​ដែល​អាច​ឲ្យ​លោក​ និង​ភរិយា​អាច​នឹង​សម្រេច​បាន​សមិទ្ធផល​នៅ​ក្នុង​រយៈពេល​១៨​ឆ្នាំ នៃ​ជីវិត​អាពាហ៍ពិពាហ៍ គឺ​ដោយសារ​តែ​ភាព​ស្មោះត្រង់ ហើយ​ដាក់​ផែនការ​នៃ​ជីវិត​គ្រួសារ រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ហើយ​ក៏​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​បំពេញការងារ ។

លោក​បាន​បញ្ជាក់​ថា «​ស្មោះត្រង់​ និង​ការ​ខិតខំ​ជា​កាតាលីករ​ដ៏​សំខាន់​នៃ​ការ​កសាង​សមិទ្ធផល​សម្រាប់​គ្រួសារ» ។ លោក​បាន​ចែករំលែក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​រៀប​ការ​រួច​ភ្លាម​ នៅ​ក្នុង​មួយ​ខែ​លោក​ និង​ភរិយា​បាន​ប្តេជ្ញា​ចិត្ត​សន្សំ​បាន​ដំបូង ត្រឹមតែ២៥០ដុល្លារ​ប៉ុណ្ណោះ​ ហើយ​យក​ទៅ​ដាក់​នៅ​ធនាគារ​រាល់​ខែ​។

លុះ​ក្រោយ​ពេល​ដែល​ភរិយា​លោក​សម្រាល​បានកូន​ដំបូង នៅ​ពេល​ដែល​កូន​នោះ​អាយុ​បាន​មួយ​ខួប លោក​ក៏​បាន​យក​ប្រាក់​សន្សំ​ទាំងនោះ មួយ​ចំណែក​តូច​ទុក​សន្សំ​សម្រាប់​កូន​ដោយ​មួយ​ឆ្នាំ​ប្រមាណ​ជា៥០០ដុល្លារ​ជាមួយនឹង​គណនី​សន្សំ​មាន​កាលកំណត់​។ រីឯ​លុយ​នៅ​សល់​ពី​ការ​សន្សំ បូក​ផ្សំ​នឹង​លុយ​សល់​ខ្លះ​ៗ​នៅ​មុន​ជីវិត​អាពាហ៍ពិពាហ៍​បាន​រួម​គ្នា​បង់​រំ​លោះ​ផ្ទះ ​និង​ដី​មួយ​កន្លែង​ដើម្បី​រស់នៅ​ជាមួយនឹង​គ្រួសារ​តូច​មួយ ។

លោក​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​បន្ទុកគ្រួសារ​ក៏​កើន ហើយ​ថ្លៃ​ចំណាយ​ក៏​ខ្ពស់​បូក​ផ្សំ​និង​កម្ចី​បង់​រំ​លោះ​ទិញ​លំនៅឋានបាន​ធ្វើ​ឲ្យ​លោក​និង​ភរិយា​ពុះពារ​ស្វែងរក​ប្រភព​ចំណូល​បន្ថែម តាម​សមត្ថភាព​និង​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ដើម្បី​ធានារ​បាន​និរន្ត​ភាព​នៃ​ចំណូល ។ ការ​ខិតខំ​នេះ​បាន​ធ្វើ​ឲ្យ​លោក​និង​គ្រួសារ​អាច​រក្សា​បាន​ស្ថិរភាព​នៃ​ចំណូល ហើយ​អាច​រក្សា​ទប់ទល់​នឹង​បំណុល និង កំណើន​នៃ​បន្ទុក​រ៉ាប់រង​ផ្សេង​ៗ រហូត​ដល់​ឈាន​ដល់​កំណើត​កូន​ទី​២ សមិទ្ធផល​គ្រួសារ​ថ្មី​មួយ​ទៀត​ក៏​បាន​កើត​មាន​សម្រាប់​គ្រួសារ ។

តាម​ការ​រៀបរាប់​របស់​បុរស​ម្នាក់​នេះ នៅ​ក្រោយ​កំណើត​កូន​ទី​ពីរ​លោក​អាច​មាន​លទ្ធភាព​បង់​ផ្តាច់​ធនាគារ​លើ​កម្ចី​ធនាគារ​ពី​មុន ហើយ​អាច​សល់​បន្តិចបន្តួច អាច​នឹង​ឈាន​ទៅ​រក​ទិញ​រថយន្ត​សម​រម្យ​មួយ​ទុក សម្រាប់​គ្រួសារ​កំសាន្ត​នៅ​ចុង​ស​ប្តា​ហ៍ ។

លោក​បន្ត​ទៀត​ថា ទោះបីជា​លោក​មាន​រថយន្ត​សមរម្យ​នឹង​គេ​ក៏​ពិតមែន ប៉ុន្តែ​ជីវិត​ក៏​នៅ​តែ​រក្សា​
ស្ថិរ​ភាព​ដដែល​។ ពោល​គឺ​ពេល​ទៅ​ធ្វើការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​គឺ​នៅ​តែ​បន្ត​ប្រើប្រាស់​ម៉ូតូ​រៀង​ៗ​ខ្លួន ដើម្បី​ធ្វើ​ដំណើរប្រចាំ​ថ្ងៃ ។ ជម្រើស​បែប​នេះ វា​គឺជា​ការ​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​លើ​សាំង​រថយន្ត​ផង ហើយ​ក៏​អាច​នឹង​ងាយ ស្រួល​គ្រប់គ្រង​ពេលវេលា និង​ការ​ធ្វើ​ដំណើរ​ដោយ​ត្រូវ​ទៅ​មក​កន្លែងធ្វើការ​និង​ចល័ត​ជូន​និង​ទៅ​ទទួល​កូន​ទៅ​សាលារៀន ។

បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ ​បាន​បន្ត​ទៀត​ថា ជីវិត​អាពាហ៍ពិពាហ៍​១៨ឆ្នាំ​កន្លង​មក​ ពោល​គឺ​តាំងពី​២០០៧ មក​ដល់​ពេល​នេះ មិនមែន​ចេះ​តែ​រស់នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​ភាព​រកាំរកូស​នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា «ចាន​នៅ​ក្នុង​រាវ រមែង​ប៉ះ​គ្នា​ហើយ ប៉ុន្តែ​សំខាន់​គឺ​ការ​អត់ធ្មត់ សម្របសម្រួល ហើយ​និយាយ​គ្នា​ដោយ​ត្រង់​ៗ ចេះ​គោរព​ស្រលាញ់​ឪពុក​ម្តាយ​ទាំង​សងខាង ហើយ​ថ្លឹង​ទម្ងន់​រវាង​សាច់ញាតិ​ទាំង​ពីរ ឲ្យ​ស្មើភាព» ។

លោក​បាន​បន្ត​ទៀត​ថា រឿង​ជីវិត​ឯកជន​ដូច​ជា​ការ​ហូប​ចុក ជួបជុំ​មិត្តភក្តិ​គឺ​នៅ​តែ​មាន​។ ប៉ុន្តែ​សំខាន់​កាត់​បន្ថយ ហើយ​គ្រប់គ្រង​ការ​ចំណាយ​កុំអោយ​រី​ក​​ធំ​ហួសកម្លាំង​ ឬសមត្ថភាព​នៃ​ការ​រក​ចំណូល​និង​ប៉ះពាល់ដល់​និរន្ត​ភាព​នៃ​ការ​ចំណាយ​ផ្សេង​ៗ​តាម​ផែនការ​ដែល​មាននៅ​ក្នុង​គ្រួសារ​ដែល​បាន​កំណត់ ។

លោក​បាន​បន្ថែម​ថា ឥឡូវនេះ​ អ្វី​ដែល​លោក​និង​ភរិយា​ត្រូវ​បន្ត​គិតគូរ គឺ​សន្សំ​លុយ​បន្ត​សម្រាប់​ពេល​ចូល​និវត្តន៍ ហើយ​ថវិកា​ខ្លះ​សម្រាប់​ចំណាយ​បង់ថ្លៃ​សិក្សា​ពេល​កូន​ចូល​មហាវិទ្យាល័យ ។
លោក​បាន​បន្ត​ថា នៅ​ពេល​ដែល​កូន​ៗ​រៀន​ចប់​មហាវិទ្យាល័យ ពួក​គេ​ក៏​មាន​ថវិកា​មួយ​កញ្ចប់​តូច​សម្រាប់​ពួក​គេ​រៀង​ៗ​ខ្លួន សម្រាប់​បន្តជីវិត​តាម​ក្តី​ស្រលាញ់​របស់​ពួក​គេ​។ លោក​និង​ភរិយា​ក៏​អាច​ថា មាន​ថវិកា​មួយ​កញ្ចប់​តូច​ទៀត​បូក​ផ្សំ​ និង​ទ្រព្យ​សន្សំ​ខ្លះ​ៗ​សម្រាប់​ដោះស្រាយ​ថ្លៃ​ជីវភាព​នៅ​ពេល​ចូល​និវត្តន៍ ។

លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ផែនការ​នេះ​ក៏​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​សុខភាព​ផង​ដែរ​។ នៅ​ក្នុង​ករណី សុខភាព​មាន​បញ្ហា​វា​ក៏​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ ដូច្នេះ​សូម​គិតគូរ ។ លោក​បន្ថែម​ថា «ជីវិត​មើល​មិនឃើញ ហើយ​សុខភាព​ក៏​មិន​អាច​ដឹង​មុន​បាន​ដែរ ​។ ដូច្នេះ​ហើយ​ មាន​តែ​ប្រុង​ប្រយ័ត្ន​រឿង​ហូប​ចុក និងពិនិត្យសុខភាព​ជា​ប្រចាំ​ផង ។ បើ​សុខភាព​មាន​បញ្ហា​អ្វី​ៗ​គឺ​ចប់» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles