ទីក្រុងរ៉ង់ហ្គូន៖ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអាស៊ានបានប្ដេជ្ញាថានឹងរួមកម្លាំងគ្នាដើម្បីបន្តគាំទ្រការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងបានជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ប្រកាន់ជំហរកសាងសាមគ្គីភាពនៅក្នុងតំបន់។ ការថ្លែងដូច្នេះនៅពេលសមាគមអាស៊ានជួបប្រទះនឹងបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងនយោបាយនៅមីយ៉ាន់ម៉ានៅពេលពួកគេចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោកមហាមេត ហាសាន់ (Mohamad Hasan) ថ្លែងថាការដែលអាស៊ានចាត់វិធានការឆាប់រហ័សទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហារញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីចុងខែមីនានោះជាការឆ្លុះបញ្ចាំងឱ្យឃើញថាអាស៊ាននៅតែប្រកាន់ជំហរ និងគុណតម្លៃរបស់ខ្លួនបានល្អណាស់។ នោះគឺចិត្តមេត្តា-ករុណា, សាមគ្គីភាព និងមនុស្សធម៌។
នេះជាសក្ខីភាពបញ្ជាក់ថាអាស៊ាននៅតែមានឆន្ទៈមោះមុតដោយឥតងាករេនៅក្នុងការប្រកាន់ជំហរជាមហាគ្រួសារតែមួយដើម្បីជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ានៅក្នុងគ្រាលំបាក។ ខាងលើនេះជាការថ្លែងរបស់ប្រមុខការទូតម៉ាឡេស៊ីនៅក្នុងកិច្ចប្រជុំ។ លោកក៏ឆ្លៀតឱកាសនេះអំពាវនាវទៅភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ាបន្តអនុវត្តបទឈប់បាញ់ដែលពួកគេធ្លាប់បានសន្យាកាលពីពេលមានគ្រោះរញ្ជួយដី។
លោកសូមជំរុញឱ្យភាគីជម្លោះនៅមីយ៉ាន់ម៉ាខិតខំទប់ស្កាត់មិនឱ្យប្រជាជនរងទុក្ខវេទនាដោយសារខ្លួន និងខិតខំចរចាគ្នាដើម្បីសម្រេចឱ្យបានសន្តិភាពដ៏យូរអង្វែង។ លោករដ្ឋមន្ត្រីរូបនេះយល់ថាអាស៊ានមានសំឡេងនៅក្នុងកិច្ចការពិភពលោក ហើយយើងត្រូវតែប្រើប្រាស់សំឡេងនេះដើម្បីនិយាយប្រាប់ពិភពលោក និងស្នើសុំជាដំណោះស្រាយដោយយកគោលការណ៍ និងច្បាប់អន្តរជាតិជាគោល។ លោកសង្កត់ធ្ងន់ថាអាស៊ានមិនត្រូវនៅស្ងៀមជាដាច់ខាតនៅពេលកើតមានវិបត្តិនៅក្នុងតំបន់៕