ភ្នំពេញ ៖ សាកសពកងទ័ពមួកខៀវកម្ពុជា ចំនួន ២រូប គឺសពកញ្ញា ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកមកដល់មាតុភូមិវិញ នាល្ងាចថ្ងៃចន្ទ នេះ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សពកងកម្លាំងរក្សាសន្តិភាពកម្ពុជា២រូប ដែលបានធ្វើពលិកម្មក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ពិធីទទួលសពយោធិនទាំង២រូប បានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃបណ្ដាប្រភេទទ័ព និងក្រុមគ្រួសារនៃសពផងដែរ។
សពនាយទាហានកម្ពុជាទាំង២រូបនោះរួមមាន៖ ទី១៖ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងទី២៖ អនុសេនីយ៍ទោ ផាត មុន្នី។ ពិធីគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី នឹងត្រូវធ្វើឡើងនៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកពិធីគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ ផាត មុន្នី នឹងធ្វើឡើងនៅវត្តសីសទីបមូលីយារាម ហៅវត្តក្បាលកោះ ស្ថិតក្នុងសង្កាត់កោះឧញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
កងកម្លាំងមួកខៀវទាំង២រូប បានពលីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង។
ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនទាំង០២រូប ដែលនេះជាការបាត់បង់យោធិនដ៏ឆ្នើម ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងថែរក្សាសន្តិភាពពិភពលោករបស់សហប្រជាជាតិ។
សពត្រូវបានបញ្ជូនតាមយន្តហោះ អង្គការសហប្រជាជាតិ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ហើយបញ្ជូនបន្តមកកាន់កម្ពុជា នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






