ប្រធានាធិបតី​បារាំង​បកស្រាយ​រឿង​ប្រពន្ធ​រុញ​មុខ​លើ​យន្តហោះ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម

ប្រធានាធិបតី​បារាំង​បកស្រាយ​រឿង​ប្រពន្ធ​រុញ​មុខ​លើ​យន្តហោះ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម

0:00
0:00

បរទេស ៖ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញ​មក​បដិសេធ​ដោយ​ផ្ទាល់​ថា លោក​និង​ភរិយា​របស់​លោក ជំទាវ​ទី​១​បារាំង Brigitte Macron មិន​មាន​ជម្លោះ​ជាមួយ​គ្នា​ឡើយ ក្រោយ​វី​ដេ​អូ​ភរិយា​របស់​លោក​ប្រើ​ដៃ​រុញ​មុខ​លោក មុន​ពេល​ចុះ​ពី​យន្តហោះ កំពុង​តែ​ផ្ទុះ​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The Guardian បាន​ចេញផ្សាយ​។

ការ​ចេញ​មក​បដិសេធ​របស់​ប្រធានាធិបតី​បារាំង​កើតឡើង បន្ទាប់​ពី​វី​ដេ​អូ​កំពុង​ផ្ទុះ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី និង​គណនី​បណ្តាញ​សង្គម​របស់​ក្រុម​ស្តាំ​និយម​បារាំង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំទាវ​ទី​១​បារាំង Brigitte Macron រុញ​មុខ​ស្វាមី ខណៈ​ដែល​អ្នក​ទាំង​ពីរ​កំពុង​រៀបចំ​ចុះ​ពី​យន្តហោះ​នៅ​ក្នុង​ប្រទេស​វៀតណាម​។


វី​ដេ​អូ​ថត​ដោយ​កាមេរ៉ា​ទីភ្នាក់ងារសារព័ត៌មាន AP បង្ហាញ​ឱ្យ​ឃើញ​ប្រធានាធិបតី​បារាំង​បាន​លេចមុខ​នៅ​មាត់ទ្វារ​យន្តហោះ មុន​ពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ហាណូយ តែ​មិន​ទាន់​ដើរ​ចេញពី​ទ្វារ​យន្តហោះ​ផង ស្រាប់តែ​លេច​ចេញ​ដៃ​ភរិយា​របស់​លោក​រុញ​មុខ​លោក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ខ្លួនប្រាណ​លោក​ខ្ទាត​ទៅ​ក្រោយ មុន​ពេល​ងាកខ្លួន​បែរមុខ​តម្រង់​មក​កាំជណ្តើរ ហើយ​លើកដៃ​គ្រវី​ដាក់​កាមេរ៉ា ហើយ​ទើប​បណ្តើរ​ភរិយា​ចុះ​តាម​ជណ្តើរ​យន្តហោះ​។ វី​ដេ​អូ​នេះ​កំពុង​តែ​ផ្ទុះ​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្រប​ពេល​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី ម៉ា​រី​យ៉ា ហ្សា​ការ៉ូ​វ៉ា (Maria Zakharova) ក៏​បាន​ចែករំលែក​វី​ដេ​អូ​នោះ​នៅ​លើ​បណ្តាញ​សង្គម Telegram ផង​ដែរ​។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ លោក ម៉ា​ក្រុង ក្រោយមក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នោះ​គ្រាន់តែ​ជា​កាយវិការ​លេងសើច​រវាង​ប្តី​ប្រពន្ធ​លោក​តែ​ប៉ុណ្ណោះ ហើយ​លោក និង​ភរិយា​តែងតែ​ធ្វើ​បែប​នេះ​ញឹកញាប់​ណាស់​។ ទន្ទឹម​ជាមួយ​គ្នា​នោះ មន្ត្រី​វិមាន​អេ​លី​ហ្សេ​បារាំង (Élysée) ក៏​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា ហេតុការណ៍​កើតឡើង​កាលពី​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​មួយ​រវាង​លោក​ប្រធានាធិបតី និង​ជំទាវ​ទី​១​។ ប៉ុន្តែ​វា​គ្រប់គ្រាន់​ណាស់ ដើម្បី​ចិញ្ចឹម​អ្នក​ទ្រឹស្តី​សមគំនិត ដើម្បី​យក​មក​ធ្វើការ​វាយប្រហារ​។

សូម​ជម្រាប​ថា ដំណើរ​ទស្សនកិច្ច​លោក ម៉ា​ក្រុង ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ភាគី​បារាំង និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន​មាន​តម្លៃ​៩​ពាន់​លាន​អឺ​រ៉ូ ស្មើនឹង ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គ្រប់​ដណ្តប់​លើ​វិស័យ​អាកាសចរណ៍ ការពារ​ជាតិ និង​ថាមពល ខណៈ​ដែល​លោក ម៉ា​ក្រុង បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​អតីត​អាណានិគម​របស់​បារាំង​មួយ​នេះ ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។ កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​កើតឡើង​ចំ​ពេល​មាន​ចលាចល​ពាណិជ្ជកម្ម​ខ្លាំង ដែល​ជំរុញ​ដោយ​ពន្ធ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)៕ ប្រភព ៖ The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles