ភ្នំពេញ​ក្រោ​ន​គ្រង​ជើងឯក Hun Sen Cup ជា​លើក​ទី​៣ ក្រោយ​ខកខាន​១៦​ឆ្នាំ

ភ្នំពេញ​ក្រោ​ន​គ្រង​ជើងឯក Hun Sen Cup ជា​លើក​ទី​៣ ក្រោយ​ខកខាន​១៦​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ ២០២៤/២៥ (​ថ្នាក់​ជាតិ​) ក្រោយ​យកឈ្នះ​លើ​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ២​ទល់​នឹង​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរ​ក​តេ​ជោ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ​។

ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បើក​ការ​នាំមុខ​មុន​សម្រេច​បាន​ដោយ​កីឡាករ ឡុ​ង ភា​រ៉ាត់ នៅ​នាទី​២៤ នៅ​វគ្គ​ទី​១ មុន​ពេល​ដែល​កីឡាករ ញាណ សុ​ស៊ី​ដាន រកបាន​គ្រាប់​តាម​ស្មើ​ឱ្យ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​នាទី​៦២ នៃ​វគ្គ​ទី​២​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​ឈាន​ដល់​នាទី​៧៨ កីឡាករ Andres Neito ក៏​រកបាន​គ្រាប់​នាំមុខ​ឱ្យ​ភ្នំពេញ​ក្រោ​ន​សា​ជា​ថ្មី ហើយ​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ​។


តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក លោក Oleg Starynskyi បាន​បន្ថែម​ផ្កាយ​ទី​៣ ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ចំនួន​៣​សម័យកាល ដ្បិត​ក្រុម​ធ្លាប់​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៥​លើក​មួយ​នេះ ខកខាន​ឈ្នះ​ជើងឯក​ពានរង្វាន់​ថ្នាក់​ជាតិ​មួយ​នេះ អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ការ​ឈ្នះ​ចុង​ក្រោយ និង​ជា​លើក​ទី​២ កាលពី​ឆ្នាំ ២០០៩ ខណៈ​ដែល​ការ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨​។

គិត​មក​ទល់​ពេល​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំនួន​១០​លើក​ហើយ​នោះ នៅ​តែ​បន្ត​ឈរ​ជា​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​ច្រើន​ជាងគេ​ពោល​៥​លើក (២០១១, ២០១២, ២០១៥, ២០១៧ និង ២០២៣-២៤)៕ រូបភាព ៖ Phnom Penh Crown FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles