លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៩ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន លើកទី៣៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៩ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន លើកទី៣៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៩ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។


១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ក្រោមភាពជាប្រធានអាស៊ាន ឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំបានស្វាគមន៍ការបញ្ចប់ ឯកសារចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ដែលនឹងត្រូវអនុម័តនៅកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៦។ ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ាន កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីពីសារសំខាន់ នៃការពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ស្របពេលជាមួយការពង្រឹងមជ្ឈភាព អាស៊ានក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាមូលបទ “បរិយាបន្ន និងចីរភាព” ស៊ីចង្វាក់យ៉ាងខ្លាំង ជាមួយចក្ខុវិស័យរួមរបស់អាស៊ានឆ្ពោះទៅកាន់សហគមន៍មួយ ដែលមិនទុកនរណាម្នាក់ចោល។ ឯកឧត្តមជា ឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំណាប់អារម្មណ៍ជាបន្តបន្ទាប់លើការបង្កើនទំនាក់ទំនងជាមួយអាស៊ាន ដូចបានឃើញតាមរយៈការកើនឡើងនៃសំណើចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបង្ហាញសារជាថ្មីពីសារសំខាន់របស់អាស៊ានជាកម្លាំងចលករជំរុញសន្តិភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ការដឹកនាំរបស់ប្រទេសម៉ាឡេស៊ី ក្នុងការដោះស្រាយ វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រេសិតពិសេសរបស់ប្រធាន អាស៊ានក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសន្ទនានយោបាយប្រកបដោយជោគជ័យក្នុងប្រទេស មីយ៉ាន់ម៉ាអាចបម្រើដល់គោលបំណងពីរគឺ ការផ្តល់ជំនួយមនុស្សធម៌គ្មានដែនកំណត់ និងការកៀរគរ ធនធានសម្រាប់ការកសាងប្រទេសឡើងវិញ ទន្ទឹមនឹងនោះក៏ជាវេទិកាសម្រាប់ផ្សះផ្សាភាពខុសគ្នាផ្នែក នយោបាយ និងកសាងទំនុកចិត្តឆ្ពោះទៅរកដំណោះស្រាយនយោបាយយូរអង្វែង។

ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងសហរដ្ឋអាមេរិកលើគ្រប់វិស័យ។

២. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៩

កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការមេ ស្តីពីសហគមន៍នយោបាយ-សន្តិសុខ អាស៊ានឆ្នាំ២០២៥ និងទន្ទឹងរង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញបញ្ចប់អាណត្តិលើការអនុវត្តផែនការនេះ ដោយលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាពីការវិវត្តថ្មីៗរបស់ស្ថាប័នតាមវិស័យក្រោមសសរស្តម្ភ សហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងបានកត់សម្គាល់ការងាររបស់វិទ្យាស្ថានអាស៊ានសម្រាប់សន្តិភាព និងការផ្សះផ្សា (AIPR)។

ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗរបស់សហគមន៍ អាស៊ាន ដែលកើតចេញពីការសម្រេចបាននូវផែនការមេស្តីពីសហគមន៍នយោបាយ-សន្តិសុខ អាស៊ានឆ្នាំ ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកភាពជោគជ័យនេះជាការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងបានសង្កត់ធ្ងន់លើតួនាទីរបស់ផែនការមេឆ្នាំ២០២៥ ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ផែនការ យុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ាននាពេលខាងមុខ។ ដោយមើលឃើញពីការកើនឡើង នៃភាពតានតឹងសកល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសន្ទនាក្នុងន័យ ស្ថាបនា ការទូត និងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែរឹងមាំ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ជម្លោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីភាពបន្ទាន់នៃការដោះស្រាយការគំរាមកំហែងឆ្លងដែន ដូចជា
ការជួញដូរគ្រឿងញៀន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស តាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌគតិយុត្តរឹងមាំ និងសមត្ថភាពបច្ចេកវិទ្យាទំនើប។

៣. កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៦

កិច្ចប្រជុំបានគូសបញ្ជាក់ពីសារសំខាន់ នៃការបញ្ចប់បានទាន់ពេលវេលានូវឯកសារចក្ខុ សហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងផ្តល់ជាមូលដ្ឋានគ្រឹះសហគមន៍អាស៊ានមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព សម្រាប់ប្រជាជនជំនាន់ក្រោយ។ កិច្ចប្រជុំក៏បានពិភាក្សាពីសមាជិកភាព ពេញសិទ្ធរបស់ទីម័រឡេស្តេក្នុងអាស៊ាន និងបានស្វាគមន៍ការដាក់ឱ្យដំណើរការអង្គភាព ទទួលបន្ទុកកិច្ចការ
ទីម័រឡេស្តេនៅលេខាធិការដ្ឋានអាស៊ាន ដោយបានគូសបញ្ជាក់ពីតួនាទីដ៏មានសារសំខាន់របស់អង្គភាពនេះ ក្នុងការជួយទីម័រឡេស្តេ ពន្លឿនការបំពេញលក្ខខណ្ឌសេសសល់ ដូចមានចែងក្នុងផែនទីបង្ហាញផ្លូវសម្រាប់ សមាជិកភាពពេញសិទ្ធអាស៊ានរបស់ទីម័រឡេស្តេ។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ ចំពោះការប្តេជ្ញាចិត្តកាន់តែងខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ាន។ ការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រួមគ្នាជាមួយនឹងការបង្កើតកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌសេដ្ឋកិច្ច ឌីជីថលអាស៊ាន គឺជាគន្លឹះសម្រាប់កំណើនរយៈពេលយូរអង្វែងរបស់អាស៊ីអាគ្នេយ៍។ ចំពោះសមាជិក ភាពពេញសិទ្ធរបស់ទីម័រឡេស្តេក្នុងអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងការស្ងើចសរសើរចំពោះ វឌ្ឍនភាពយ៉ាងធំធេងដែលទីម័រឡេស្តេសម្រេចបាន ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ ក៏ដូចជាការចូលរួមយ៉ាង សកម្មរបស់ទីម័រឡេស្តេក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញនូវសុទិដ្ឋិនិយមថា ការដាក់បញ្ចូលទីម័រឡេស្ដេជាសមាជិកពេញសិទ្ធរបស់អាស៊ានឱ្យបានឆាប់ នឹង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ទីម័រឡេស្តេប៉ុណ្ណោះទេ ថែមទាំងជាការជួយលើកកម្ពស់ឯកភាព និង ភាពខ្លាំងរបស់អាស៊ានផងដែរ។

៤. លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ

រដ្ឋមន្ត្រីអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានពិនិត្យឡើងវិញលើការរៀបចំត្រៀម កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ និងបានផ្លាស់ប្តូរព័ត៌មានពីការវិវត្តថ្មីៗនៅក្នុងតំបន់របស់ខ្លួន។ រដ្ឋមន្ត្រីអាស៊ាន និង ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក៏បានចែករំលែកទស្សនៈលើទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ អន្តរតំបន់ផងដែរ។

ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសហប្រធានដែលបានសម្រប សម្រួលប្រកបដោយប្រសិទ្ធភាព និងបានសង្កត់ធ្ងន់ពីសារសំខាន់នៃការរៀបចំឱ្យមានការចូលរួមរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ជាពិសេសក្នុងចំណោមតំណាងអចិន្ត្រៃយ៍នៅទីក្រុងហ្សាការតា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (FOC) ឆ្នាំ២០២៤-២០២៨។ ក្នុងការគាំទ្រពាណិជ្ជកម្មសេរីនិងបើកចំហ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែខ្លាំងរវាងសហគមន៍ធុរកិច្ចនៃ តំបន់ទាំងពីរ និងបានគូសបញ្ជាក់ពីសក្តានុពលដ៏សំខាន់នៃឧស្សាហកម្មកកើតថ្មី ក្នុងការជំរុញកំណើន ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។

៥. កិច្ចប្រជុំទ្វេភាគី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលជំនួបអាហារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ ស៊ន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ថង់សាវ៉ាញ់ ផុមវីហាន (Thongsavanh Phomvihane) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតឡាវ។ រដ្ឋមន្ត្រីការបរទេសទាំងបីបានពិភាក្សាយ៉ាងស៊ីជម្រៅពីវិស័យសហប្រតិបត្តិការ ដែលមានសក្តានុពល និងរួមគ្នា ដូចជាពាណិជ្ជកម្ម ការលើកកម្ពស់វិស័យទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ កិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្ម និងកិច្ចខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី និងបានផ្លាស់ប្តូរយោបល់ លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមគ្នាផងដែរ។ លើសពីនេះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក៏បានប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ូគីរ៉ូណូ (SUGIONO) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងឯកឧត្តម ដាតុ ស៊េរី អ៊ុតាម៉ា មហាមេត ហាសាន (Dato’ Seri Utama Mohamad Hasan) រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំទាំងនេះបានផ្តោតសំខាន់លើការពង្រឹងបន្ថែមនៃទំនាក់ទំនង ទ្វេភាគី និងការស្វែងរកវិស័យកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles