ប្រទេសចិន ៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើអ្នកគ្រូមួយមួយ ដោយពេលថ្ងៃ នាងធ្វើការជាអ្នកគ្រូពេទ្យ ហើយពេលយប់ឡើង នាងធ្វើការនៅស្ថានីយកែច្នៃកាកសំណល់ ខណៈនាងមិនរើសអើ.ងការងារ ។ នេះបើយោងតាមការចុះផ្សាយ SCMP ។
អ្នកគ្រូពេទ្យ វ័យ ២៦ឆ្នាំរូបនេះ នាងមានឈ្មោះថា Xiong ។ កញ្ញា Xiong ធ្វើការពេញម៉ោង នៅផ្នែកស្តារនីតិសម្បទានៃមន្ទីរពេទ្យឯកជនតូចមួយ នៅ Chengdu ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ។

សារព័ត៌មាន Xiaoxiang Morning Herald បានរាយការណ៍ថា នាងបានទាក់ទាញការចាប់អារម្មណ៍ជាច្រើនតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈការចែករំលែកជីវិតប្រចាំថ្ងៃរបស់នាង ដែលធ្វើការជាមួយឧបករណ៍កែច្នៃសំរាមឡើងវិញ ។ ថ្ងៃធ្វើការរបស់អ្នកគ្រូពេទ្យ Xiong នៅមន្ទីរពេទ្យ ចាប់ផ្តើមនៅម៉ោង ៨ព្រឹក និងបញ្ចប់នៅម៉ោង ៥.៣០ល្ងាច ។
បន្ទាប់ពីចេញពីការងារ នាងទៅស្ថានីយកែច្នៃសំរាមដែលនៅក្បែរនោះ ។ ស្ថានីយដែលភាគច្រើនទាក់ទងនឹងកាកសំណល់ដែក ត្រូវបានគ្រប់គ្រង និងដំណើរការដោយឪពុកម្តាយរបស់នាង ។
អ្នកគ្រូពេទ្យ Xiong ដែលខិតខំធ្វើការរូបនេះ ជួយពួកគេតម្រៀប ដឹក ដឹកជញ្ជូន និងលក់របស់ដែលអាចកែច្នៃឡើងវិញបាន ។ ជាធម្មតា ពួកគេ បញ្ចប់កិច្ចការនៅម៉ោង៩យប់ ហើយត្រឡប់ទៅផ្ទះជាមួយគ្នា ។

ក្រៅការជួយអ្នកគ្រូពេទ្យ Xiong ឪពុកម្តាយរបស់នាងក៏ជួលបុគ្គលិកពីរនាក់ ដើម្បីធ្វើការម៉ាស៊ីន និងបើកឡានដឹកទំនិញ ។ កញ្ញា Xiong ធ្វើការពីព្រឹកដល់ល្ងាច រកបាន 4,000 យន់ ឬស្មើ (550ដុល្លារ) ក្នុងមួយខែនៅមន្ទីរពេទ្យ ។ ខណៈពេលដែលនាងមិនទទួលបានប្រាក់ខែផ្លូវការពីឪពុកម្តាយរបស់នាង ពួកគេតែងតែផ្តល់ប្រាក់កាក់ឱ្យនាង ដែលសរុបលើសពីប្រាក់ចំណូលពីការងារពេញម៉ោង ។
នាងបាននិយាយថា នាងស៊ាំនឹងការងារនឿយហត់នៅស្ថានីយកែច្នៃ ព្រោះនាងបានជួយឪពុកម្តាយនៅទីនោះ តាំងពីនាងនៅក្មេង ។ កញ្ញា Xiong និយាយថា «ឪពុកម្ដាយរបស់ខ្ញុំរកប្រាក់បានពីឧស្សាហកម្មនេះ ។ «ប្រសិនបើខ្ញុំធ្វើបានច្រើន ខ្ញុំនឹងជួយសម្រួលការងារពួកគាត់បាន» ។
កញ្ញា Xiong បានឱ្យដឹងថា កាកសំណល់លោហៈ ជាទូទៅមិនកខ្វក់ដូចប្រភេទផ្សេងទៀតទេ ។ នាងបាននិយាយថា «ខ្ញុំបានផ្លាស់ប្តូរតួនាទីរបស់ខ្ញុំ រវាងការងារពេញម៉ោងរបស់ខ្ញុំ និងការងារក្រៅម៉ោងនេះ ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ចំពោះអនាម័យផ្ទាល់ខ្លួននៅពេលធ្វើការនៅមន្ទីរពេទ្យ» ។
អ្នកប្រើអ៊ីនធឺណិតម្នាក់បាននិយាយថា៖ «ពិតជាក្មេងស្រីដ៏ពូកែម្នាក់! នាងមានសមត្ថភាព ឧស្សាហ៍ព្យាយាម និងគោរពឪពុកម្តាយនាង»។ មហាជនម្នាក់ទៀតលើកឡើងថា៖ « ឪពុកម្ដាយរបស់នាង គួរមានមោទនភាពដែលមានកូនស្រីដែលឧស្សាហ៍ព្យាយាម និងមានឆ្លាតវៃបែបនេះ» ។
សូមរម្លឹកដែរថា កាលពីដើមឆ្នាំនេះ បុគ្គលិកពេទ្យម្នាក់ទៀត ដែលធ្វើការនៅមន្ទីរពិសោធន៍គ្លីនិកនៃមន្ទីរពេទ្យក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក៏បានចាប់អារម្មណ៍លើបណ្តាញសង្គមផងដែរ ។ ដោយបុគ្គលិករូបនោះ បើកតូបលក់អាហារនៅពេលល្ងាច រកបាន 20,000 យន់ (2,800 ដុល្លារ) ក្នុងមួយខែពីការធ្វើដូច្នេះ ៕ ដោយ៖លីហួ គីមឆាយ