រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុស។
ក្នុងដំណើរការនេះ ក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ឃុំ សង្កាត់ បានបើកដំណើរការ ការិយាល័យចុះឈ្មោះបោះឆ្នោតតាំងពីថ្ងៃទី១ ខែឧសភានិងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។ ជាការកត់សម្គាល់ ក្រុមចុះឈ្មោះបោះឆ្នោត បានបំពេញការងារយ៉ាងសស្រាក់សម្រាំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បើទោះបីត្រូវធ្វើការ លើសម៉ោងការងារក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោត (លធ.ខប) ក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១.៥១៤ឃុំ សង្កាត់ បានបិទបញ្ចប់ការចុះឈោ្មះ បោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង ៥:៣០នាទីល្ងាច។ ដោយឡែកឃុំ សង្កាត់ ចំនួន ១៣៨ ទៀត ន រាជធានី ខេត្តចំនួន ១៨ បានបន្តចុះឈ្មោះជូនប្រជាពលរដ្ឋលើសម៉ោងការងារ ដោយសារអ្នកមក សុំចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានវត្តមានក្នុងបរិវេណខាងក្នុងការិ- យាល័យចុះឈ្មោះបោះឆ្នោតនៅឡើយ។
ចំពោះការងារបន្ត ក្រោយពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវវេចខ្ចប់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ និងសម្ភារ ឯកសារ ពាក់ព័ន្ធ ដើម្បីបញ្ជូនមក លធ.ខប ត្រួតពិនិត្យ វេចខ្ចប់ រួចបញ្ជូនបន្តមក គ.ជ.ប។
បន្ទាប់ពីនោះ គ.ជ.ប ត្រូវរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នាំ សម្រាប់បិទផ្សាយនៅតាមឃុំ សង្កាត់ និងបង្ហោះផ្សាយនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីឱ្យន ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុង បញ្ជីទាំងពីរនេះ ព្រមទាំងអាចប្ដឹងតវ៉ា ឬ/និងប្តឹងជំទាស់ក្នុងករណីពិនិត្យឃើញមានកំហុស៕ រក្សាសិទ្ធដោយ៖សុទ្ធលី









