ខេត្តមណ្ឌលគិរី ៖ ក្រៅពីទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ ភ្នំណាមលៀដ៏ធំមហិមា ប្រចាំខេត្ត ស្រុកពេជ្រាដានូវមានសមិទ្ធផលថ្មីមួយទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងការសម្រាកលំហែកាយ និងសិក្សាពីភូមិសាស្ត្រពិតនៃដែនបូរណភាពទឹកដីខ្មែរ ដោយអ្នកទេសចរអាចទស្សនាទិដ្ឋភាពតាមក្រវ៉ាត់ព្រំដែន បង្គោលខណ្ឌសីមា រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា ស្ថិតក្នុងរដូវធ្លាក់ភ្លៀង ឬក្នុងយុទ្ធនាការថ្មីរបស់ក្រសួងទេសចរណ៍ ហៅថា រដូវបៃតង Green Season ក្នុងមូលដ្ឋានរបស់លោក មានផលិតផលទេសចរណ៍ដ៏សម្បូរបែប រួមមានទាំងទេសចរណ៍ធម្មជាតិ វប្បធម៍ និងកសិទេសចរណ៍ ដែលបានរួមចំណែកយ៉ាងច្រើនដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកអភិបាលស្រុកបានឲ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងភ្នំណាមលៀ នៅតែជាទីកម្សាន្តលេចធ្លោជាងគេប្រចាំស្រុក ដោយអាចស្រូបយកកំណើនភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ អាជ្ញាធរបានសហការជាមួយបងប្អូនប្រជាសហគមន៍ និងក្រុមហ៊ុនវិនិយោគ រៀបចំរមណីយដ្ឋានទាំងពីរនេះ មានសោភ័ណភាពនិងសុវត្ថិភាពសម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។

ជាមួយគ្នានេះស្រុកពេជ្រាដា នៅមានតំបន់ដែនជម្រកការពារសត្វព្រៃស្រែពក-ណាមលៀ សម្បូរទៅជីវចម្រុះគ្រប់ប្រភេទ សម្រាប់អ្នកទេសចរផ្សព្រេងដើរលេងកម្សាន្ត ។ ហើយចំការដំណាំចម្រុះនានារួមមានចំការកាហ្វេ ចំការកាកាវ ចំការក្រូចវល្លិ៍ ឬផាសិន របស់ប្រជាកសិករ ក៏ជាផ្នែកមួយដ៏មានសក្តានុពល អន្ទងចិត្តឲ្យអ្នកទេសចរ អាចស្វែងរកកសិផលល្អៗទិញសម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងគ្រួសារ ប្រកបដោយគុណភាពសម្រាប់ទ្រទ្រង់សុខភាពអ្នកទទួលទាន។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានបង្ហាញសេចក្តីរំភើបជាមួយសមិទ្ធផលថ្មីសន្លាងមួយទៀត ហើយក៏ជាប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រជាជនកម្ពុជានិយាយជារួមនិងជាមោទនភាពជាខ្លាំងរបស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលផ្លូវក្រវ៉ាត់ព្រំដែន ត្រូវបានស្ថាបនាល្អស្អាត ងាយស្រួលដល់ការយាមល្បាតរបស់កងកម្លាំងការពារព្រំដែន និងជាពិសេសនោះគឺ អាចឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរទស្សនានិងសិក្សាស្វែងយល់ ពីតំបន់ព្រំដែនកម្ពុជានាភូមិភាគឦសាន។

លោកថា ទោះបីផ្លូវថ្មីនេះស្ថាបនារួចរាល់ តែនៅមានទីតាំងខ្លះ កំពុងបន្តសាងសង់សំណង់ស្ពានបន្ថែម តែអាចចេញចូលទស្សនាបាន។ក្រៅពីបានយល់ដឹងពីព្រំដែនខ្មែរ អ្នកដែលបានធ្វើដំណើរទៅដល់ផ្លូវក្រវ៉ាត់ព្រំដែន ប្រាកដជាស្ងើចសសើពីសកម្មភាពការងាររបស់កងកម្លាំងវិស្វកម្មដែលពុះពារ ជម្នះគ្រប់ឧបសគ្គដើម្បីស្ថាបនាផ្លូវដ៏លំបាកមួយនេះ ហើយបើនិយាយពីទេសភាពវិញ ផ្លូវក្រវ៉ាត់ព្រំដែនមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ជាចំណីចក្ខុដ៏ប្លែកអស្ចារ្យ ដែលកម្រមានអ្នកទៅដល់បានឃើញណាស់៕






















