ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ព្រះសង្ឃចំនួន១៤អង្គ និងយាយជីចំនួន២នាក់ បានកើតមានអាការៈពុលផ្សិត ក្រោយឆាន់ និងទទួលទាន បន្ទាប់ពីពុទ្ធបរិស័ទចំណុះជើងវត្តធ្វើចង្ហាន់ប្រគេន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅវត្តច័ន្ទគីរី ក្នុងភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ទាំងព្រះសង្ឃ និងដូនជី ត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗ ដើម្បីសង្គ្រោះ ។

បើតាមលោក គ្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា ករណីព្រះសង្ឃពុលផ្សិតខាងលើមានចំនួន១៤អង្គ និងដូនជីចំនួន២នាក់ ក្រោយពេលទទួលទាន និងឆាន់អាហារ ដែលពុទ្ធបរិស័ទចំណុះជើងវត្តធ្វើម្ហូបចង្ហាន់ប្រគេនមានផ្សិតដកមកពីព្រៃជាមូលហេតុ ។ ក្រោយទទួលទាន និងឆាន់កើតមានអាការៈក្អួតចង្អោរ ឈឺក្បាល ដឹងថាមិនស្រួល ត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាពល្វាក្រាំងភ្លាមៗ ។

ករណីខាងលើ ក្រោយពីការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ព្រះសង្ឃ និងដូនជី ធូរស្រាលមកវិញហើយ មកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ព្រះសង្ឃ និងដូនជី បានវិលត្រឡប់ទៅវត្តវិញអស់ហើយ ។

អាជ្ញាធរ ក្រុមគ្រូពេទ្យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កាលបើមិនស្គាល់ផ្សិតច្បាស់ទេ កុំដកយកទៅទទួលទាន ឬសាកសួរគេអ្នកស្គាល់ឱ្យច្បាស់លាស់សិន ព្រោះផ្សិតងាយនឹងពុលណាស់ មិនថាសង្ឃ ឬមិនសង្ឃនោះទេ ៕





