ខេត្តកំពង់ចាម ៖ ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ពិតជាមានរសជាតិឆ្ងាញ់ធ្វើឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលចិត្តទទួលទាន។ មកដល់ពេលនេះចាប់ផ្ដើមហុចផលជាបណ្ដើរៗហើយ ពិសេសគឺមានម៉ូយនៅភ្នំពេញ ចុះមកទិញដល់ចម្ការតែម្ដង។
អ្នកស្រីវ៉ែន សុភ័ណ្ឌ អាយុ៣៤ឆ្នាំម្ចាស់ចំការទុរេនបែកអន្លង បានប្រាប់ឱ្យដឹងអ្នកព្រឹកថ្ងៃទី២៦ឧសភា ឆ្នាំ២០២៥ ថា គាត់គឺមានស្រុកកំណើតនៅទីនេះដោយសារតែល្បីពូជទុរេនម៉ាន់ថង ក៏បានទៅទិញពូជនៅស្រែវាល ដើម្បីយកមកដាំនៅលើដីចំការរបស់ខ្លួនដែលមានទំហំប្រមាណ៣ហិកតា។ ក្រោមការថែទាំដិតដល់ក្នុងរយៈពេល៥ឆ្នាំគឺចាប់ផ្ដើមប្រមូលផលក្នុងមួយឆ្នាំបានរហូតដល់ទម្ងន់១៦តោន ឯណោះ។
ម្ចាស់ចម្ការរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ឧសភា ២០២៥ ដោយគាត់បានប្រើកម្មករបេះទុរេននៅតាមដើមបានប្រមាណ ៣០០គីឡូក្រាម ចំពោះផលដែលប្រមូលបានគឺមានម៉ូយនៅភ្នំពេញចុះមកទិញដល់ចំការដោយមួយគីឡូលក់បាន ២ម៉ឺនរៀល ហើយគេយកទៅលក់បន្តមួយគីឡូ២៥.០០០រៀល។ ក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត ផ្លែទុរេននិងចាប់ផ្ដើមហុចផលឱ្យរហូតដល់ ៥០% ចំពោះតម្លៃលក់លើទីផ្សារមិនមានអ្វីគួរឲ្យព្រួយបារម្ភគឺមានម៉ូយនៅភ្នំពេញ តែងតែទូរសព្ទមកកម្មង់ទិញដោយគេមានរថយន្តបើកមកបេះដល់ចំការដើម្បីយកទៅលក់បន្តតាមទីផ្សារនានា។ចំពោះផ្លែទុរេនទុំដែលគេដាក់លក់តាមតំបន់ផ្សេងៗគឺមិនដឹងថាមានប្រភពចេញមកពីណានោះទេតាំងពីខែមីនា តាមពិតទៅទុរេនបែកអន្លងទើបតែចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗនៅចុងខែឧសភានេះ។ ជាមួយនោះគាត់មិនទាន់បានចូលជាសមាជិកសមាគមទុរេនបែកអន្លង់នៅឡើយ។ព្រោះថាទុរេននៅចំការរបស់គាត់មានចំនួនតិចដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគឺមិនគ្រប់គ្រាន់ ។
ចំណែកលោកសឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម មានប្រសាសន៍ហើយដឹងនាល្ងាចថ្ងៃទី២៦ឧសភាថា ចំពោះតួលេខចម្ការទុរេននៅក្នុងខេត្តកំពង់ចាមទាំងមូលមានសរុបប្រមាណប្រហែល ១.៦០០ហិលតា។ រហូតមកដល់ពេលនេះម្ចាស់ចម្ការនៅបែកអន្លូងបាននាំគ្នាចូលសហគមន៍ទុរេនបែកអន្លូងបានចំនួន៩៥នាក់ ជាមួយនោះសមាជិកម្នាក់ៗត្រូវតែមានភាពស្មោះត្រង់ ហើយខាងអគ្គកសិកម្មសហការជាមួយជំនាញមន្ទីរកសិកម្មខេត្ត បានចុះបង្ហាត់បង្រៀនពីបច្ចេកទេសទំនើបក្នុងការដាំដុះទុរេនពេលដែលបានផលគឺមិនមានសារធាតុគីមីប៉ះពាល់សុខភាពខណៈពេលដែលប្រទេសជិតខាងយើងទុរេនរបស់គេមានផ្ទុកសារធាតុគីមីលើសកម្រិតធ្វើឲ្យប្រទេសចិន គេមិនទទួលទិញ។តាមរយៈក្រុមហ៊ុនឯកជនដែលបានចុះមកដាក់កុងត្រាជាមួយនឹងម្ចាស់ចម្ការទុរេននៅបែកអន្លូង ដោយចំការនីមួយៗខិតខំធ្វើយ៉ាងណាប្រឹងប្រែងដាំដុះតាមលក្ខណៈបច្ចេកទេសដែលក្រុមហ៊ុនចង់បាន ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិន ៕

















