នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Dato’ Sri Dr. Shamir Kumar Nandy, ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
ក្នុងឱកាសនៃជំនួប, លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោក Dato’ Sri Dr. Shamir Kumar Nandy បានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានាដើម្បីគាំទ្រការវិនិយោគ និងដើម្បីធានាបរិយាកាសវិនិយោគមួយដែលអំណោយផលដល់វិនិយោគិនតាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធដែលមានភាពបត់បែន, ជាក់ស្ដែង និងប្រាកដនិយម។ បន្ថែមលើនេះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវិស័យសក្ដានុពលដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី







