ខេត្តកណ្តាល ៖ ជាងផ្សារដែកម្នាក់មកពីធ្វើការវិញ ផ្ទះលិចទឹកជ្រាបតាមដំបូល ក៏ដាក់
ជណ្តើរឡើងទៅបិទ ស្រាប់តែយកកន្ត្រៃទៅកាត់ ស័ង្កសីចំជាមួយខ្សែភ្លើង ដែលមានចរន្ត
អគ្គិសនី ក៏បណ្តាលឲ្យឆក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ផៃ សុខា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងផ្សារដែក ស្រុកកំណើតនៅភូមិ មេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពងចាម ។ សព្វថ្ងៃរស់នៅ ភូមិថ្នល់ទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះមានឈ្មោះ កយ សុខឡេង អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំកើតហេតុ វេលាម៉ោង០៣រសៀល ប្តីរបស់ខ្លួនបានត្រឡប់មកពីធ្វើការនៅក្នុងភូមិម្តុំផ្លូវជាតិលេខ៥១ ហើយបានសម្រាន្តលក់មួយស្របក់ ក្រោយមកប្តីក៏ភ្ញាក់ពីដេកក៏បានដើរមើលជញ្ជាំង និងដំបូលផ្ទះរបស់ខ្លួន ដោយពេលភ្លៀងម្តងៗ មានការលិចជ្រាបពីដំបូលចូលក្នុងផ្ទះ ។
ពេលនោះ ប្តីរបស់គាត់ក៏បានរៀបចំម៉ូទ័រស្វាន កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង និងកាវបិទដំបូល រួចបានយកជណ្តើរដែកមកផ្អែកជញ្ជាំងឡើងទៅបិទកន្លែងដែលលិចទឹក ស្របពេលនោះជនរងគ្រោះបានក៏យកកន្ត្រៃទៅកាត់ស័ង្កសីដែលជាប់ជាមួយខ្សែភ្លើង ដែលមានចរន្តអគ្គីសនី បណ្តាលឲ្យឆក់សន្លប់ស្តូកស្តឹងនៅលើដំបូងផ្ទះតែម្តង ។

ភ្លាមៗ ប្រពន្ធរបស់ជនរងគ្រោះឃើញបែបនេះ ក៏បានស្រែកហៅបងប្អូនអ្នកជិតខាង ដើម្បីឲ្យជួយលើក ប្តីដាក់របស់ដាក់តាមម៉ូតូសណ្តោងរ៉ឺម៉ក ទៅកាន់មណ្ឌលសុខភាពឃុំដំណាក់អំពិលដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែពេលទៅដល់ក្រុមគ្រូពេទ្យបានប្រាប់ថាប្តីគាត់បានស្លាប់បាត់ទៅហើយ ។ ទើបរូបគាត់ដឹងយកសពត្រឡប់មកផ្ទះវិញ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល សហការជាមួយនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើចុះមកធ្វើការពិនិត្យទៅលើសាកសព លោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន និងបានប្រគល់សពជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
